ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ចំណូលពន្ធបានពីរថយន្ត មានកំណើនខ្ពស់ជាងគេ កើនឡើងប្រមាណជា៤០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨–ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូល ចំណូលពន្ធ បានប្រមាណ៤ពាន់ប៊ីលានរៀល ដោយក្នុងនោះ ចំណូលពីការនាំចូល និងទិញ លក់រថយន្តមានកំណើនខ្ពស់ជាងគេ ដោយកើនឡើងប្រមាណ៤០ភាគរយ។ នេះបើតាមការ អះអាងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា កំណើនចំណូលពន្ធ និងអាករគយ ដែលសម្រេចបានក្នុង កម្រិតខ្ពស់គួរឱ្យកត់សម្គាល់នេះ គឺដោយសារកម្ពុជា មានកំណើនសេដ្ឋកិច្ច និងស្ថិរភាព នយោបាយល្អ ដែលនាំឱ្យសកម្មភាពពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម សេវាកម្ម និងការប្រើប្រាស់ជាទូទៅមានការកើនឡើងខ្ពស់ ដែលបានជំរុញឱ្យមានកំណើនការនាំចូលមុខទំនិញផ្សេងៗ ឆ្លើយតបនឹងតម្រូវការ និងការផ្គត់ផ្គង់ក្នុងស្រុក។

ឯកឧត្តមបន្តថា ការប្រមូលពន្ធគយ និងអាករផ្សេងៗក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ បានកើនឡើងប្រមាណ ២៧.៨ភាគរយ ដោយក្នុងនោះចំណូលពីមុខទំនិញយាន យន្តមានកំណើន៤០.៥ភាគរយ មុខទំនិញប្រេង និងថាមពលកើនឡើង១០.៥ភាគរយ គ្រឿងសំណង់កើនឡើង ២៦.៦ភាគរយ និងមុខទំនិញ ចម្រុះផ្សេងទៀតមាន កំណើន២៧ភាគរយ។

ដោយឡែកបើតាម លោក ប្រាយ អ៊ែនខូ (Brian Ko) នាយកប្រតិបត្តិ ក្រុមហ៊ុនហ៊ី យ៉ាន់ដាយ ដែលជាក្រុមហ៊ុននាំចូលរថយន្តមកកាន់ទីផ្សារកម្ពុជា បានលើកឡើងថា ការកើនឡើងនៃការលក់រថយន្តថ្មីៗក្នុងទីផ្សារកម្ពុជានេះ ហាក់ប្រែប្រួលក្រោយរដ្ឋាភិបាល ប្រកាសដំឡើងពន្ធនាំចូលរថយន្ត១ទឹក ដែលធ្វើឱ្យការប្រកួតប្រជែងរវាងរថយន្តថ្មី និង១ទឹកមានការប្រែប្រួល។

លោកបន្តថា ជាក់ស្ដែងការលក់រថយន្តហ៊ីយ៉ាន់ដាយ បានបង្ហាញសញ្ញាកើនឡើង ប្រមាណ ៣៥ភាគរយ ក្នុង១ឆ្នាំ ដោយសារតែអតិថិជន បានសិក្សាឈ្វេងយល់ពីតម្លៃ គុណភាព និងសុវត្ថិភាព រវាងការប្រើរថយន្តថ្មី និងរថយន្តមួយទឹក៕

ដោយ ម៉ៅ ចរិយា