ក្រសួងបរិស្ថាននឹងរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨ ដើម្បីជ្រើសរើសវាគ្មិនបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨–ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់យុវជន ក្នុងការសិក្សាស្រាវជ្រាវតាម បែបវិទ្យាសាស្ត្រក្នុងការការពារប្រធានបទពិភាក្សារបស់ខ្លួន ដែលមានពាក់ព័ន្ធនឹង កិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ប្រសិទ្ធភាព និងការសន្សំសំចៃ ថាមពល និងការអភិវឌ្ឍដោយចីរភាព ដើម្បីចែករំលែកព័ត៌មាន និងលទ្ធផល នៃការស្រាវជ្រាវឱ្យ ឆ្លើយតបនឹងបញ្ហាប្រឈមនានាលើវិស័យបរិស្ថាន និងជាផ្នែកមួយនៃធាតុចូលក្នុងការកសាង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រសួងបរិស្ថាននឹងរៀបចំវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨ ដើម្បីជ្រើសរើសវាគ្មិនបរិស្ថាន។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យ ដឹងថា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន នឹងរៀបចំការប្រកួតជ្រើសរើសក្រុមយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៨ ដែលការប្រកួតជ្រើសរើសក្រុមយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨នេះ នឹងចាប់ផ្តើមពីខែសីហា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបែងចែកជា ៤ ដំណាក់កាល គឺវគ្គជម្រុះនិងណែនាំ វគ្គប្រកួតប្រជែង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

និស្សិតសាកលវិទ្យាល័យដែលទទួលបានជ័យលាភីក្នុងវេទិកានេះ ក្រសួងនឹងអាចផ្តល់ ឱកាសជាវាគ្មិនបរិស្ថាន ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយអំពីបញ្ហាបរិស្ថាននានា និងផ្តល់ការលើកទឹកចិត្តការចូលរួមវេទិកាថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗទៀត។

ក្នុងគោលបំណងនេះក្រសួងបរិស្ថានចាត់ទុកជាការជូនដំណឹងដល់ គណៈគ្រប់គ្រង គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងខេត្ត ដើម្បីចាត់បញ្ជូនតំណាងនិស្សិត ដែលកំពុងសិក្សាកម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រចំនួន ៤រូប សាស្ត្រាចារ្យដឹកនាំចំនួន១រូប មកចូលរួមក្នុងវេទិកាយុវជនជជែកពិភាក្សា អំពីបរិស្ថាននេះ ដោយភ្ជាប់មកជាមួយនូវ៖ ១-លិខិតឧទ្ទេសនាមចំនួន ១ច្បាប់។ ២-អត្ថបទស្រាវជ្រាវអំពីបញ្ហាបរិស្ថាន និងដំណោះស្រាយដែលកំពុងកើតមាននៅក្នុង សហគមន៍របស់លោកអ្នកជាភាសារខ្មែរចំនួន១ ឬ២ទំព័រ។

ក្រសួងនឹងចាប់ទទួលពាក្យពីថ្ងៃ ជូនដំណឹងនេះតទៅ កាលបរិច្ឆេទផុតកំណត់ឈប់ទទួលពាក្យប្រកួតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ខាងមុខ។

គណៈកម្មការបច្ចេកទេស នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាននឹងធ្វើការវាយតម្លៃអត្ថបទ ដែលបានដាក់ពាក្យ ដើម្បីជ្រើសរើសយក គ្រឹះស្ថានចំនួន១៦ ចូលរួមប្រកួតជជែកពិភាក្សាក្នុងវគ្គប្រកួតដំបូង៕

ដោយ ប៉ាល់ សុង