រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាដល់សមត្ថកិច្ចបង្កើនការប្រុងប្រយ័ត្នខាងសន្តិសុខស្របពេលការបោះឆ្នោតជាតិជិតចូលមកដល់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨–​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យស្នងការនគរបាលរាជធានី ខេត្តនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ន ខាងសន្តិសុខសណ្តាប់ធ្នាប់ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ថ្លែងក្នុងពិធីប្រគល់ទោចក្រយានយន្ត ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការការពារ បរិយាកាស នៃការបោះឆ្នោតឱ្យបានល្អ តាមរយៈការពង្រឹងផ្នែកសន្តិសុខ ចាប់តាំងពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ រហូតដល់ថ្ងៃបោះឆ្នោត។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា បើទោះបីជាថ្ងៃហែក្បួនឃោសនាបោះឆ្នោត មានបាតុភាពមួយចំនួនបានកើតឡើងក្តី ក៏សង្កេតឃើញថាសមត្ថភាពសន្តិសុខ ទូទៅមានភាពល្អប្រសើរ។

សម្តេចក្រឡាហោមបន្តថា ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីធ្វើឱ្យបរិយាកាសនៃថ្ងៃបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ដំណើរការទៅដោយរលូន។

​បើយោងតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ក្នុងរយៈពេល១១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាស ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវបានធានា ហើយការឃោសនាបាន ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស។
​សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បី ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕

ដោយ ចាន់ សុធីវង្ស