មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ –ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីរបស់ អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួង ពាណិជ្ជកម្ម បានចុះធ្វើយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេង ឥន្ធនៈនានា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដែលបានឯកភាពឱ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ១៦០រៀល/លីត្រ ពោលគឺ ៣.៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣.៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។ 

មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៧០ស្ថានីយ ទូទាំងប្រទេស នៅក្នុងខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តក្រចេះ និងរាជធានីភ្នំពេញ។ មន្ត្រីសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានសហការជាមួយនឹងនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយកនូវរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ០៨ទីតាំងក្នុងខេត្តព្រះសីហនុ។

ដោយឡែក មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្ដាល បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ២៨ទីតាំង ខណៈដែលមន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ០៧ទីតាំង។

ទន្ទឹមនឹងនេះ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ ក៏បានចុះទៅ ត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ២៧ទីតាំង នៅក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ។ចំពោះ ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលបានរកឃើញមានបញ្ហាជាមួយតម្លៃប្រេង មន្ត្រីរបស់ អគ្គនាយកដ្ឋាន កាំកុងត្រូលបានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការ កែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែក ដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

ដោយ ទេស ច័ន្ទសុធារី