គ.ជ.ប ថា មានក្រុមហេកឃើរ ព្យាយាមលួចគណនីរបស់គ.ជ.បយកទៅប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា មានក្រុម ហេកឃើរ (Hacker) ព្យាយាមលួចគណនីរបស់គ.ជ.ប ដើម្បីបង្កើតទិន្នន័យ និងព័ត៌មានក្លែងក្លាយ ខណៈ គ.ជ.ប បានផ្តល់ភាពងាយស្រួលដល់អ្នកបោះឆ្នោត និងគណបក្សនយោបាយ ស្វែងរកព័ត៌មាននានានៅលើប្រព័ន្ធអ៊ិនធើណេត និងទូរស័ព្ទវៃឆ្លាត។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ក្រុមជនល្មើសបានប៉ុនប៉ងលួចព័ត៌មានពីគ.ជ.បនេះ តាមរយៈចូលទៅប្រើប្រាស់គណនីហ្វេសប៊ុក អ៊ីម៉េល វ៉េបសាយគ.ជ.ប និងគណនីហ្វេសប៊ុកផ្ទាល់របស់សមាជិកគ.ជ.ប ដើម្បីបង្កើតព័ត៌មានមិនពិតដែលធ្វើឱ្យអ្នកបោះឆ្នោត និងគណបក្សនយោបាយមានការយល់ច្រឡំ។

ការប្រកាសនេះ បន្ទាប់ពីលេចឮព័ត៌មានថា មានក្រុមជនល្មើសបានប៉ុនប៉ងលួចព័ត៌មានពីគ.ជ.បនេះ តាមរយៈចូលទៅប្រើប្រាស់គណនីហ្វេសប៊ុក អ៊ីម៉េល វ៉េបសាយគ.ជ.ប និងគណនីហ្វេសប៊ុកផ្ទាល់របស់សមាជិកគ.ជ.ប ដើម្បីបង្កើតព័ត៌មានមិនពិតដែលធ្វើឱ្យអ្នកបោះឆ្នោត និងគណបក្សនយោបាយមានការយល់ច្រឡំ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការប្រព្រឹត្តទៅនៃការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត កាលពីថ្ងៃទី១៨ ខែកក្កដា ឯកឧត្តម ទេព នីថា អគ្គលេខាធិការគ.ជ.ប បានឱ្យដឹងថា គ.ជ.ប កំពុងសហការជាមួយក្រសួងមហាផ្ទៃក្នុងការទប់ស្កាត់ សកម្មភាពទាំងឡាយណា ដែលរំខាន និងរាំងស្ទះដល់ដំណើរការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមជំនាញផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននឹងកំពុងការយកចិត្តទុកដាក់ទៅលើបញ្ហាសុវត្ថិភាពបច្ចេកវិទ្យាចំពោះការបោះឆ្នោតជាតិ តាមរយៈកិច្ចសហការជាមួយគ.ជ.ប ក្នុងការប្រមូលភស្តុតាង ការស៊ើបអង្កេតបទល្មើស និងការធ្វើកោសល្យវិច្ច័យកុំព្យូទ័រ ក៏ដូចជាការអនុវត្តន៍ជាមួយឧបករណ៍ជំនួយនានា ដើម្បីឈានទៅកំណត់អត្តសញ្ញាណជនសង្ស័យ តាមរយៈលេខទូរស័ព្ទ ប្រព័ន្ធទំនាក់ទំនងសង្គម និងឧបករណ៍សម្រាប់ស្វែងរកព័ត៌មានលម្អិតចាំបាច់មួយចំនួនទៀត។

យ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា ទិន្នន័យរបស់គ.ជ.ប មិនទាន់ត្រូវបានជនល្មើសចូលលួច និងបែកធ្លាយយកទៅប្រើប្រាស់ក្នុងបំណងទុច្ចរិតនៅឡើយទេ ដោយសារតែ គ.ជ.ប បានរៀបចំការពារច្បាប់ដើមបានយ៉ាងល្អ ក្រោមជំនួយបច្ចេកទេសពីទីភ្ញាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ដែលមានអ្នកប្រចាំការ២៤ម៉ោង។

គ.ជ.ប បានឱ្យដឹងបន្ថែមថា រាល់ទិន្នន័យ និងព័ត៌មានដែលគ.ជ.ប បង្ហោះលើគេហទំព័រ គឺគ្រាន់តែជាសំណៅឯកសារ ដែលថតចម្លងចេញពីច្បាប់ដើមតែប៉ុណ្ណោះ៕