សម្ដេចចៅហ្វាវាំង ៖ ការបោះឆ្នោត គឺជាការកំណត់ជោគវាសនារបស់ប្រទេសជាតិ

AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ –សម្ដេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្រ្ដមណ្ឌលខេត្ដ កំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីមួយចំនួន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី នៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន ៣៧៨នាក់ កាលពីថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំមកនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខ សេចក្ដីនឹករលឹក និងពរជ័យ សិរីមង្គលមហាប្រសើរ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការសាកសួរសុខទុក្ខ ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។

ក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង បានលើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិ បាលកម្ពុជាបច្ចុប្បន្ន ដែលដឹក នាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានកំណើន សេដ្ឋកិច្ច ៧ភាគរយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ សព្វថ្ងៃនេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធ ពិសេសស្ពានអាកាស ផ្លូវថ្នល់សំខាន់ៗ បានធ្វើការពង្រីកពី ២គន្លងទៅ៤គន្លង ដោយសារសន្តិភាព ស្ថិរភាពដ៏រឹងមាំ បានផ្ដល់ភាពអំណោយផលយ៉ាង ខ្លាំង ដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។

សមិទ្ធផលថ្មីៗបានកើតឡើងឥតឈប់ឈរនៅគ្រប់ទិសទីមានផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវបានពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។ ទន្ទឹមនឹងនេះវិស័យពុទ្ធចក្រក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។

សម្ដេចចៅហ្វាវាំងបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ត្រូវពង្រឹងសាមគ្គីភាពជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស គោរពច្បាប់ ការពារឯករាជ្យអធិបតេយ្យ ភាព បូរណភាពទឹកដី រក្សាសន្តិភាព និងសន្តិសុខរបស់ប្រទេសជាតិ ឱ្យបានរឹងមាំ គង់វង្សយូរអង្វែង។

សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋសូមកុំជឿឱ្យសោះ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកឬជនអគតិមួយចំនួនដែលបានឃោសនាបន្តគ្នា មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះ។ សម្ដេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដាន ស្ដាប់ និងមើលទូរទស្សន៍ នៃការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ដើម្បីបានយល់ ដឹងកាន់តែច្បាស់អំពីដំណើរការបោះឆ្នោត និងសូម អំពាវនាវដល់បងប្អូនដែលធ្វើចំណាកស្រុកមេត្តាវិលត្រឡប់មកចូលរួមបោះឆ្នោត។

បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រើប្រាស់សិទ្ធិ សេរីភាព និងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ត្រូវទៅចូលរួមបោះឆ្នោត ។ ជាមួយគ្នានេះដែរ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវផ្តល់ សេវាសាធារណៈ ដោះស្រាយ នូវសំណូមពរ និងសេចក្ដីត្រូវការចាំបាច់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ ត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់គ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះទាំងអស់ ទាំងក្នុងពេល យុទ្ធនាការ ឃោសនារកសំឡេងឆ្នោត ពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត។

សម្ដេចចៅហ្វាវាំងមានប្រសាសន៍ថា ការបោះឆ្នោតនេះមានអត្ថន័យសំខាន់បំផុតចំពោះជោគវាសនារបស់ប្រទេសជាតិ ជាការបោះឆ្នោតមួយដែល នឹងសម្រេចភាពគង់វង្សយូរអង្វែងនៃសន្តិភាព និងការអភិវឌ្ឍសម្រាប់យើងទាំងអស់គ្នា។ ដូចបងប្អូនជនរួមជាតិបានឃើញច្បាស់ហើយនូវប្រពៃណី ស្នេហាជាតិ និងសមិទ្ធផលជាច្រើនលើគ្រប់វិស័យដែល រាជរដ្ឋាភិបាលសម្រេចបានក្នុងពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះដែរ។

សម្ដេចចៅហ្វាវាំង តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំងក៏បានរំលេចផងដែរថា បច្ចុប្បន្ននេះសហគមន៍ អន្តរជាតិបានទទួលស្គាល់នូវការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដោយសារ តែកត្តាសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៦ នៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់គ្នា ដើម្បីបន្តសុខសន្តិភាព​ និងការអភិវឌ្ឍ ប្រទេស1ជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕

ដោយ សោម ឫទ្ធី