សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ នៃក្រុមហ៊ុនថប សាមីត ហ្គាមេន អ៊ីន នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ៖ លោក ជៀង យ៉ារ៉េត

នៅព្រឹកថ្ងៃទី១៨ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលសង្វាក់ផលិតកម្ម នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុនថប សាមីត ហ្គាមេន អ៊ីន(TOP SUMMIT GARMENT INC.) ជាក្រុមហ៊ុនរបស់ប្រទេសចិន ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រោងចក្រនេះ សាងសង់ឡើងលើទំហ៊ំផ្ទៃដីជាង៥០.០០០ម៉ែត្រក្រឡា ដែលមានអគារផលិតកម្មចំនួន២ ឃ្លាំងចំនួន៣ អាហារដ្ឋាន២កន្លែង ដោយបានចាប់ដំណើរការនាចុងឆ្នាំ២០១២ ។តាមរបាយការណ៍បញ្ជាក់ថា រោងចក្រនេះ មានកម្មករនិយោជិតសរុបចំនួន៣.៨៧២ នាក់ ក្នុងនោះនារី មានចំនួន៣.៥៦៣ នាក់។ បច្ចុប្បន្នរោងចក្រនេះកំពុងធ្វើសកម្មភាពផលិតសម្លៀកបំពាក់សំរាប់ការនាំចេញទៅអឺរ៉ុប និងសហរដ្ឋអាមេរិក ។

តាមម្ចាស់រោងចក្រឈ្មោះចូវ យ៉ាលីង Chou yaling ជនជាតិតៃវ៉ាន់ បានឲ្យ ដឹងថា រោងចក្របានចំណាយលើប្រាក់ ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករនិយោជិតទាំងអស់សរុបជាង ១ លានដុល្លារអាមេរិកក្នុងមួយខែ ។លោកបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករគឺទទួលបាន ១៧០ ដុល្លារ នឹងបន្តឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំក្នុងមួយ ឆ្នាំ ១ ដុល្លារ មានប្រាក់សោហ៊ុយធ្វើដំ ណើរ ៧ដុល្លារ ដាក់បញ្ចូលក្នុងប្រាក់ ឈ្នួលអប្បបរមា ដើម្បីគណនាប្រាក់ការងារបន្ថែមម៉ោង ព្រមទាំងមានប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ និងប្រាក់អតីតភាពការងារចាប់ពី ២ ដុល្លារដល់ ១២ ដុល្លារ។ ក្រៅពីអត្ថប្រយោជន៍ដែលកំណត់ដោយច្បាប់រោងចក្រ ក៏មានផ្ដល់បន្ថែមដូចជា ប្រាក់ថ្លៃសណ្ដាប់ធ្នាប់តម្រង់ជួរពេលញ៉ាំអាហារ ១២ដុល្លារក្នុងមួយខែឧបត្ថម្ភអាហារមួយពេលដោយឥតគិតថ្លៃ ប្រាក់ថ្លៃមើលថែទារកនិងទឹកដោះគោ២០ ដុល្លារសម្រាប់កូនមួយ រយៈពេល ៣៦ខែប្រាក់លើកទឹកចិត្តធ្វើដំណើរទៅបំបៅកូន ១០ដុល្លារក្នុងមួយខែសម្រាប់តែអ្នកត្រឡប់ពីកម្រាលវិញ ក្នុង១២ ដំបូង។ផ្តល់ប្រាក់បំណាច់ ៥% រៀងរាល់បុណ្យភ្ជុំបិណ្ឌនិងប្រាក់រង្វាន់ការងារល្អ ម្នាក់យ៉ាងតិច ៥ ដុល្លាររហូតដល់២០ ដុល្លារក្នុងមួយខែ។

កម្ពុជាមានមោទនភាពណាស់ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ជំរុញនិងបង្កើតឲ្យមានរោងចក្រសន្ធឹកសន្ធាប់នៅក្នុងប្រទេស ដែលនេះជាការបញ្ជាក់ពីការរីកចំរើនឥតឈប់ឈររបស់ព្រះរាជា ណាចក្រកម្ពុជា ក៏ដូចជាក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ និងជាការផ្តល់ការងារដល់ពលរដ្ឋផងដែរ៕