គ្រូបង្គោលក្រុមនគរបាលជាតិប្តេជ្ញាយកឈ្នះក្រុមគិរីវង់សុខសែនជ័យ នៅជើងទី២ ដើម្បីឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨–លោក សារ៉េត ស៊ីដន គ្រូបង្គោលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា ការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ នៅជើងទី២ ថ្ងៃពុធ ទី១៨ កក្កដា ស្អែកនេះ នៃព្រឹត្តិការណ៍ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាការ ប្រកួតដ៏សំខាន់ ដែលក្រុមរបស់លោកត្រូវការឈ្នះជាចាំបាច់ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ស្របពេលដែលក្លិបមានគោលដៅហោចណាស់ត្រូវឡើងឱ្យដល់ត្រឹមវគ្គ ៤ក្រុមចុងក្រោយ។

គ្រូបង្គោលរូបនេះបន្តថា កាលពីជើងទី១នៃវគ្គ១៦ក្រុម គឺក្រុមនគរបាលជាតិបានត្រឹមស្មើគ្នា ជាមួយក្រុម គីរីវង់សុខសែនជ័យ ដោយលទ្ធផល២ទល់២ ដូច្នេះហើយនៅជើងទី២នេះ គ្រូបង្គោលរូបនេះ និងកូនក្រុមទាំង អស់បេ្តជ្ញាចិត្តរួមគ្នាថាត្រូវតែយកជ័យជម្នះឱ្យខានតែបាន ដើម្បីកក់កៅអី នៅវគ្គ៨ក្រុមចុងក្រោយ។

ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិធ្លាប់គ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានម្តងកាលពីឆ្នាំ២០១៤ កន្លងទៅ។

សម្រាប់ការប្រកួតវគ្គ១៦ក្រុម ជើងទី២ត្រូវប្រកួតនៅថ្ងៃស្អែក ថ្ងៃទី១៨
ខែកក្តដា ដើម្បីកាត់សេចក្តីថា តើក្រុមខ្លាំងៗណាខ្លះ ដែលត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ២០១៨ ត្រូវបាន សហព័ន្ធ កីឡាបាល់ទាត់កម្ពុជាចែកជាពីរថ្នាក់ គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយការប្រកួត ថ្នាក់ជាតិនេះគិតត្រឹមវគ្គ១៦ក្រុម ដែល៤ក្រុមបានមកពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្នាក់ខេត្ត និង១២ក្រុមទៀតកំពុងលេងនៅលីគកំពូល កម្ពុជា រដូវកាល ២០១៨នេះ៕

ដោយ ហេង ណាលីន