សមាគមអ្នកនាំចូលប្រទេសកូរ៉េ មានគម្រោងវិនិយោគផលិតផលកៅស៊ូ របស់កម្ពុជា តាមរយៈការស្នើរសុំរបស់ឯកអគ្គរាជទូតខ្មែរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ

ប្រធានសមាគមអ្នកនាំចូលរបស់ប្រទេសកូរ៉េ លោក Myoung-Jin Shin បានមានប្រសាសន៍បញ្ជាក់ថា លោកមានចំណាប់អារម្មណ៍ ទៅលើផលិតផលកៅស៊ូ ហើយលោកនឹងដឹកនាំក្រុមការងារ សិក្សាលំអិតអំពីផលិតផលកៅស៊ូរបស់កម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពថា តើគួរត្រូវទៅបង្កើតរោងចក្រ ដើម្បីកែច្នៃកៅស៊ូនៅលើទឹកដីកម្ពុជា ឬក៏នាំជ័រកៅស៊ូមកធ្វើការកែច្នៃនៅប្រទេសកូរ៉េតែម្តង ។

ការបង្កាញពីចំណាប់អារម្មណ៍ របស់Myoung-Jin Shin បែបនេះ ខណៈពេលលោកដឹកនាំប្រតិភូសមាគមអ្នកនាំចូលរបស់កូរ៉េ (Korea Importer Association)ជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ ឯកឧត្តម ឡុង ឌីម៉ង់ បានសំដែងនូវការស្វាគមន៍ ដល់ប្រតិភូដែលចាប់អារម្មណ៍ លើផលិតផលកៅស៊ូរបស់កម្ពុជា ។ ឯកឧត្តម បានបញ្ជាក់ជូនប្រតិភូទាំងនោះថា កម្ពុជាមានផ្ទៃដីទូលាយសម្រាប់ដំណាំកៅស៊ូ ដែលអាចផ្គត់ផ្គង់កៅស៊ូតាមតម្រូវការ និងបានជម្រុញឱ្យក្រុមហ៊ុនរបស់កូរ៉េ ទៅវិនិយោគលើការផលិត និងកែច្នៃដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្តង ព្រោះរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកទឹកចិត្តយ៉ាងច្រើនដល់វិនិយោគិន និងបានសន្យាថា នឹងជួយសម្របសម្រួល ដល់ការសិក្សាស្វែងយល់របល់ប្រតិភូ នៅប្រទេសកម្ពុជាឱ្យបានរលូន និងជោគជ័យផងដែរ។

ឯកឧត្តម អគ្គរាជទូត បានស្នើសុំឱ្យសមាគមអ្នកនាំចូលកូរ៉េ ពិចារណា លើការនាំចូលនូវផលិតផលកសិកម្មរបស់កម្ពុជាដទៃទៀត ដែលប្រទេសកូរ៉េ មានតម្រូវការប្រើប្រាស់ ៕