ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណ រដ្ឋកូរ៉េ ជំរុញនិងលើកទឹកចិត្តឲ្យក្រុមហ៊ុន កូរ៉េ នាំយកបច្ចេកវិទ្យាគ្រប់គ្រងវិស័យកសិកម្ម មកវិនិយោគ ក្នុងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ៖ លោក ចន ណារិទ្ធ

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានជំរុញនិងលើកទឹកចិត្ត ឲ្យក្រុមហ៊ុន NongHyup របស់កូរ៉េ នាំយកបច្ចេកវិទ្យា នៃការរៀបចំណើរការ និងគ្រប់គ្រងវិស័យកសិកម្មដែលមាននៅកូរ៉េ មកវិនិយោគ ក្នុងប្រទេសកម្ពុជា។

ការលើកទឹកចិត្ត និងជំរុញវិនិយោគ វិស័យកសិកម្ម ដែលស្នើដោយ ឯកឧត្តម ឡុង ឌីម៉ង់ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ខណៈ ឯកឧត្តម ឯកអគ្គរាជទូត បានធ្វើទស្សនៈកិច្ចនិងពិភាក្សាការងារជាមួយលោក Lee, Gyu Bo ជាក្រុមប្រឹក្សានាយកនៃសហព័ន្ធ សហករកសិកម្មជាតិ (National Agricultural Cooperative Federation) របស់កូរ៉េ និងជាប្រធាននៃសាជីវកម្ម យិនស៊ិននៃខេត្តឆុងប៊ុក ជាផ្នែកមួយនៃក្រុមហ៊ុន NongHyup (NH) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់កូរ៉េ។

មន្ត្រីស្ថានទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូនពី សក្តានុពល និងឱកាស នៃការវិនិយោគលើ វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា និងបានជម្រុញ លើកទឹកចិត្តឱ្យក្រុមហ៊ុន NongHyup នាំយកនូវបច្ចេក វិទ្យា នៃការរៀបចំដំណើរការ និងគ្រប់គ្រងវិស័យកសិកម្មកន្លងមករបស់ខ្លួន ទៅវិនិយោគនៅប្រទេសកម្ពុជាដើម្បី ទទូលបានអត្ថប្រយោជន៍ ឈ្នះឈ្នះ ទាំងអស់គ្នា គឺការបានផលចំណេញ ដល់ក្រុមហ៊ុន និងប្រជាជនកម្ពុជាទាំងមូល។

ឆ្លើយតបតាមការអំពាវនាវរបស់ ឯកឧត្តម ឯកអគ្គរាជទូត លោក Lee, Gyu Bo ថា នឹងយកសំណើនេះទៅពិភាក្សាជាមួយ នឹងសមាជិករបស់ខ្លួនជាមុនសិន មុននឹងធ្វើដំណើរទៅកម្ពុជា ដើម្បីសិក្សាលំអិតបន្ថែមទៀត៕