គ.ជ.ប អនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយជិត៨ម៉ឺននាក់ ចូលរួមសង្កេតការណ៍

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូប ដោយ៖ លោក វ៉ាង ភក្តី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយជិត៨ម៉ឺននាក់ ចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បនៅថ្ងៃទី១៧ ខែកក្កដានេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ សរុប៧៩.៧៨១នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន៥១.៥០៦នាក់ និងបម្រុង២៨.២៧៥នាក់។

គ.ជ.ប បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ គឺមានគណបក្សនយោបាយចំនួន៦ មិនបានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោតនៅតាមការិយាល័យនោះទេ។

យោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងមណ្ឌលបោះឆ្នោតរាជធានី ខេត្តណាមួយ មានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន១រូប និងភ្នាក់ងារបម្រុង១រូប ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំ សង្កាត់។

ភ្នាក់ងារគណបក្សនយោបាយ មានសិទ្ធិចុះហត្ថលេខាលើទម្រង់បែបបទកំណត់ហេតុនៃការបោះឆ្នោត(ទ.១១០១) និងទម្រង់បែបបទកំណត់ហេតុនៃការរាប់ឆ្នោត(ទ.១១០២) ដើម្បីដឹងឮថា គណបក្សរបស់ខ្លួនទទួលបានសន្លឹកឆ្នោត តាមការរាប់សន្លឹកឆ្នោតពិតប្រាកដមែន។

គ.ជ.ប បានបង្កើនការិយាល័យបោះឆ្នោតនៅតាមឃុំសង្កាត់នៅទូទាំងប្រទេសរហូតដល់​២២.៩៦៧​​ការិយាល័យ បន្ទាប់ពីចំនួនអ្នក​បោះឆ្នោតមានឈ្មោះ​​​ក្នុងបញ្ជី​ជាង​​៨.៣៨០.២១៧នាក់៕