គ.ជ.ប ក្រើនរំឭកដល់អ្នកអត់មានអត្តសញ្ញាណប័ណ្ណរួសរាន់ទៅសុំឯកសារបញ្ជាក់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាពលោក វ៉ាង ភក្តី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានក្រើនរំឭកជាថ្មីម្តងទៀតដល់អ្នកបោះឆ្នោត ដែលអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតោខ្មែរ ឱ្យរួសរាន់ទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត។

ការក្រើនរំឭកនេះធ្វើឡើងខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅសល់ពេលតែ១៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ ហើយការចេញលិខិតឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត នឹងត្រូវបិទបញ្ចប់នៅមុនថ្ងៃបោះឆ្នោតចូលមកដល់។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី១៦ ខែកក្កដានេះ បានអំពាវនាវដល់ប្រធានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត មេឃុំ-ចៅសង្កាត់ និងមេភូមិទាំងអស់ បន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណឱ្យបានទាន់ពេលវេលាដោយឥតគិតថ្លៃ។ ឯកឧត្តមបានរំឭកថា ការចេញឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត នឹងត្រូវបិទបញ្ចប់នៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ប៉ុន្តែពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬក៏បាត់ អាចទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតដោយផ្ទាល់ខ្លួន និងអាចស្នើសុំឱ្យបញ្ជាក់អំពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានផងដែរ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា គិតត្រឹមខែមិថុនា កន្លងទៅនេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួនជិត១០លានសន្លឹកហើយ ដែលត្រូវបានផ្តល់ដល់ប្រជាពលរដ្ឋ ខណៈខាងអគ្គនាយកដ្ឋានកំពុងខិតខំពន្លឿនការងារនេះបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត និងដើម្បីប្រយោជន៍ផ្សេងៗទៀត។

គ.ជ.ប បានសហការជាមួយក្រសួងមហាផ្ទៃ ដោយជំរុញដល់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ-សង្កាត់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬខូច ទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ឱ្យបានទាន់ពេលវេលា ខណៈមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង៨លាន៣៨ម៉ឺននាក់ នឹងត្រូវចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕