គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Map

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក វ៉ាង ភក្តី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានដាក់ទីតាំងការិយាល័យបោះឆ្នោត ក្នុង​ផែនទីបង្ហាញផ្លូវរបស់ក្រុមហ៊ុន ហ្គូហ្កល(Google Map) ដើម្បីជួយឱ្យអ្នកបោះឆ្នោតរកការិយាល័យបោះឆ្នោតរបស់ខ្លួនឃើញ។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បនៅថ្ងៃទី១៣ ខែកក្កដានេះ បានឱ្យដឹងថា គ.ជ.ប បានផលិតកម្មវិធីគ្រប់គ្រង និងស្វែងរកផែនទីរកឈ្មោះទីតាំងការិយាល័យបោះឆ្នោត តាមផែនទីក្នុងប្រព័ន្ធអ៊ីនធើណេត ហើយបានដាក់ឱ្យដំណើរការតាមរយៈគេហទំព័រwww.pollingstation.org.kh ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតងាយស្រួល​រក​ការិយាល័យ​បោះ​ឆ្នោត របស់ខ្លួន។

គ.ជ.ប បញ្ជាក់ថា កម្មវិធីនេះអនុញ្ញាតឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វែងរកទីតាំងការិយាល័យ​​បោះឆ្នោតក្នុងផែនទីរបស់ប្រទេសកម្ពុជា ដែលបានរក្សាទុកក្នុង Google Map បានឆាប់ រហ័សតាមប្រព័ន្ធអ៊ីនធើណេត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ គ.ជ.ប បានពន្យល់ថា «អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់គេហទំព័រwww.pollingstation.org.kh ដើម្បីស្វែងរកទិន្នន័យតាមរយៈការជ្រើសរើស ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ឬស្វែងរក​ទីតាំងតាមផែនទី Google Map ដោយចុចតាមនិមិត្តសញ្ញាសម្គាល់ទីតាំងគណៈកម្មការរាជធានី ខេត្តរៀប​ចំការ​បោះឆ្នោតទាំង២៥»។

គ.ជ.ប បានបង្កើនចំនួនការិយាល័យបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេសរហូតដល់២២.៩៦៧​ការិយាល័យ បន្ទាប់ពីចំនួនអ្នក​បោះឆ្នោត ​ក្នុងបញ្ជីមានសរុប​​៨.៣៨០.២១៧នាក់៕