រដ្ឋមន្រ្តីក្រសួងអប់រំ អះអាងថា វិស័យធនធានមនុស្សនៅតែជាវិស័យចម្បងក្នុង គោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោកស្រី ផន វាសនា

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដានេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ ទុកការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាវិស័យអាទិភាព ក្នុងចំណោមវិស័យផ្សេងៗ ដូចជា ទឹក ភ្លើង ផ្លូវ។

ឯកឧត្តម បានបន្តថា តាមរយៈកម្មវិធីកំណែទំរង់កន្លងមកក្នុងវិស័យអប់រំ បានធ្វើឲ្យសិស្សានុសិស្ស ខិតខំរៀនសូត្រ ក្នុងការបង្កើនចំណេះដឹងកាន់តែប្រសើរជាងមុន ព្រោះមានតែអ្នកចេះនោះទេទើបអាចប្រឡងជាប់ ជាពិសេសបានធ្វើឲ្យអាណាព្យាបាលកាន់ តែមានទំនុកចិត្តមកលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ជាងមុន។ឯកឧត្តម បានបញ្ជាក់ថា ការងារដែលក្រសួងអប់រំ យុវជន និងកីឡា សំរេចបានជោគជ័យកន្លងមកនេះ គឺបានមកពីការ ចូលរួមពីអ្នកទាំងអស់គ្នា គឺយើងធ្វើបានជោគជ័យជាមួយគ្នា ហើយក៏មិនមែន ជាជោគជ័យរបស់ឯកឧត្តមតែម្នាក់ឯងនោះដែរ គឺជាជោគជ័យរបស់យើងទាំងអស់គ្នា គឺជាជោគជ័យ របស់លោកគ្រូ អ្នកគ្រូ គឺជាជោគជ័យរបស់សិស្សានុសិស្ស គឺជាជោគជ័យរបស់មាតាបិតា គឺជាជោគជ័យរបស់សង្គមជាតិយើងទាំងមូល។ ដូច្នេះបើវិស័យខ្លាំង កូនចៅរបស់យើងនឹងមាន អនាគតល្អ ប្រទេសនឹងកាន់តែរីកចំរើន។

បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនយ៉ាងគំហុក ពោលគឺ ពីប្រមាណ២៦៩លានដុល្លារ នៅក្នុងឆ្នាំ២០១៣ឡើង ដល់ប្រមាណ៧៣០លានដុល្លារ នៅឆ្នាំ២០១៨នេះ ដោយមិនទាន់គិតបញ្ចូលនូវចំណាយវិនិយោគបន្ថែម ដោយរាជរដ្ឋាភិបាលជូនទៅក្រសួងអប់រំ ក្នុងការសាងសង់សាលារៀនបន្ថែមនោះទេ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨ ដល់២០២៥ ដើម្បីពង្រឹងលើគុណភាពអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ដោយឈរលើមូលដ្ឋានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។

បើគិតពីតួលេខចំណាយសរុបលើវិស័យអប់រំ និងកម្រិតបណ្តុះបណ្តាលធនធានមនុស្សនៅទូទាំងប្រទេសកម្ពុជា គឺមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសក្នុងតំបន់ហើយ ដែលនេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យអប់រំដែលជាវិស័យមួយដ៏សំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់ជាគន្លឹះនៃការអភិវឌ្ឍ ក៏ដូចជាការផ្តល់នូវការលើទឹកចិត្តដល់ក្រសួងអប់រំផ្ទាល់ ចំពោះកិច្ចខិតខំសម្រេចបាននូវសមិទ្ធកម្ម ការងារលេចធ្លោ និងល្អប្រសើរ។