ការឃោសនារកសំឡេងឆ្នោតនៅខេត្តកំពង់ធំរយៈពេលបីថ្ងៃកន្លងមកនេះដំណើរការល្អ

កំពង់ធំ៖​ លោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ (គ.ខ.ប.) បានមានប្រសាសន៍កាលពីថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០១៨ថា ការឃោសនាបោះឆ្នោតក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះមានលក្ខណៈល្អ តែមានគណបក្សនយោបាយមួយដែលធ្វើសកម្មភាពឃោសនាផ្ទុយពីគោលការណ៍បទបញ្ជា ក្រមសីលធម៌។

លោក ប្រែង សាវុធ បញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅខេត្តកំពង់ធំមានតែគណបក្សនយោបាយចំនួន ០៦ដែលបានដាក់កម្មវិធីឃោសនារបស់ខ្លួនមក គណៈកម្មការខេត្តរៀបចំការបោះឆ្នោត(គ.ខ.ប.) ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សធម្មាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច,និងគណបក្សសញ្ជាតិកម្ពុជា។

លោក ប្រែង សាវុធ បានឱ្យដឹងថា ការឃោសនាបោះឆ្នោតរយៈពេលបីថ្ងៃកន្លងទៅនេះមានលក្ខណៈល្អប្រសើរប្រកបទៅដោយក្រមសីលធម៌។ នៅថ្ងៃទី១នៃការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពឃោសនាជាទ្រង់ទ្រាយធំនៅទូទាំងខេត្ត ដែលមានប្រជាពលរដ្ឋចូលរួមជាង ៥ម៉ឺននាក់។ លោកបន្តថា មានគណបក្សមួយគឺគណបក្សពន្លឺថ្មីមិនបានដាក់កម្មវិធីឃោសនា ហើយមិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានដោយធ្វើឃោសនាផ្ទុយពីគោលការណ៍បទបញ្ជា ក្រមសីលធម៌ ដោយយកកម្មវិធីឃោសនាធ្វើជាកម្មវិធីសម្ពោធសមិទ្ធផលដែលគណបក្សនេះធ្វើបានបន្តិចបន្តួច ហើយមានការចែកអំណោយមិនសមស្របតាមគោលការណ៍ បទបញ្ជា ក្រមសីលធម៌ឡើយ។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅខេត្តកំពង់ធំមានគណបក្សនយោបាយចំនួន១៧ លើគណបក្សនយោបាយទាំង២០ បានចូលរួមបោះឆ្នោតនៅខេត្តកំពង់ធំ លើកលែងតែគណបក្សបី គឺគណបក្សមាតុភូមិយើង, គណបក្សខ្មែរក្រោក, និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលមិនបានចូលរួម។ នៅខេត្តកំពង់ធំមានការិយាល័យបោះឆ្នោតចំនួន ១.១០៤ការិយាល័យ មានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៣៨៤.៧៥៩នាក់។

ក្នុងកិច្ចប្រជុំរវាងគណៈកម្មការខេត្តរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តជាមួយភាគីពាក់ព័ន្ធការបោះឆ្នោតនៅមណ្ឌលកំពង់ធំកាលពីថ្ងៃទី០៦​ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត លោក ប្រែង សាវុធ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធការបោះឆ្នោតទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ ត្រឹមត្រូវ តាមបទបញ្ជានីតិវិធី ក្រមសីលធម៌ ក្នុងការចូលរួមបោះឆ្នោតដើម្បីរួមគ្នាឱ្យដំណើរការបោះឆ្នោតនៅមណ្ឌលកំពង់ធំប្រព្រឹត្តទៅបានដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ដោយគ្មានការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាទាំងក្នុងពេលឃោសនា ទាំងក្នុងពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត៕

ដោយ ស៊ុម​ វណ្ណា