រដ្ឋាភិបាលជប៉ុន បន្តគាំទ្រដល់គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តអាងទន្លេមេគង្គក្រោម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី ៖រដ្ឋាភិបាលជប៉ុន បានប្រកាសបន្តគាំទ្រដល់គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តអាងទន្លេមេគង្គក្រោម ខណៈរដ្ឋាភិបាលកម្ពុជា ឡាវ ថៃ និងវៀតណាមកំពុងរួមគ្នារៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈម។ការបញ្ជាក់ជំហរជាថ្មីរបស់ពីរដ្ឋាភិបាលជប៉ុន សម្រាប់កិច្ចបន្តគាំទ្រដល់គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តតាមដងទន្លេមេគង្គនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មការទន្លេមេគង្គ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីសប្តាហ៍កន្លងទៅនេះ ដែលមានការចូលរួមពីតំណាងជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន។គណៈកម្មការទន្លេមេគង្គនៅថ្ងៃទី១០ ខែកក្កដានេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ ថវិកាជាង១,៤លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាប្រឈមនៃអាងទន្លេមេគង្គក្រោម ដែលមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដែលនឹងធ្វើឱ្យប្រសើរឡើង និងមាននិរន្តរភាពនូវប្រភពធនធានទឹក ផលដំណាំកសិកម្ម ការចរាចររបស់ត្រី និងជីវៈចម្រុះដទៃទៀត។ឯកឧត្តម ហ្វាម ទួន ផាន (Pham Tuan Phan) អគ្គនាយកនៃគណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ថា ការគាំទ្រនេះ នឹងជួយដល់គណៈកម្មការទន្លេមេគង្គ ក្នុងការអនុវត្តផែនការប្រព័ន្ធធារាសាស្ដ្រ និងលើកកម្ពស់ការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានពីប្រព័ន្ធធារាសាស្ត្រនៅក្នុងអាងទន្លេ។ លោក ហ៊ីដេហ៊្វូមិ មូរ៉ាហ្ស៊ីតា(Hidefumi Murashita) អនុការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេសជប៉ុន មានប្រសាសន៍ថា ការកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រអាងទន្លេមេគង្គក្រោម គឺជាគោលដៅសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។រដ្ឋាភិបាលជប៉ុន គឺជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់គណៈកម្មការទន្លេមេគង្គ ដោយក្នុងនោះចាប់តាំងពីឆ្នាំ២០០១មក រដ្ឋាភិបាលប្រទេសនេះ បានផ្តល់ថវិកាជាង១៣លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងជាច្រើនរួមទាំងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ប្រព័ន្ធធារាសាស្ដ្រ ការដឹកជញ្ជូនដោយសុវត្ថិភាព ការផ្លាស់ប្តូរអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន៕