ចិនបានដាក់ពន្ធនាគារមន្ត្រីរាប់រយនាក់ដោយសារបង្កឲ្យមានការបំពុលបរិស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១០.០៧.១៨)

ចិន៖ ក្រសួងបរិស្ថានចិនបាននិយាយ ថា រដ្ឋាភិបាលបានដាក់ពន្ធនាគារមន្ត្រីរាប់រយនាក់ពីបទបរាជ័យក្នុងការដោះស្រាយការរំលោភបំពានច្បាប់ស្តីពីការបំផ្លាញបរិស្ថានដែលបានរកឃើញអំឡុងការត្រួតពិនិត្យកាលពីឆ្នាំ២០១៧ ក្នុងយុទ្ធនាការថ្មីបំផុតនៃ សង្រ្គាមប្រឆាំងការបំផ្លាញបរិស្ថានដែលដឹកនាំដោយលោកប្រធានាធិបតីស៊ីជីនភីង។

ក្រសួងបរិស្ថានចិនបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា មន្ត្រីសរុបចំនួន ៤.៣០៥ នាក់នៅក្នុងខេត្តនិងតំបន់ចំនួន ១០ត្រូវបានទទួលការដាក់ទោស​ ដោយក្នុងនោះមានមន្ត្រីខ្លះប្រឈមនឹងការផាកពិន័យនិងខ្លះទៀតត្រូវជាប់ពន្ធនាគារផងដែរ។

ចាប់ពីចុងខែឧសភារដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិនបានចាប់ផ្តើមពិនិត្យឡើងវិញនូវការរំលោភបំពានលើច្បាប់ស្តីពីបរិស្ថានរាប់ពាន់ករណីដែលបានរកឃើញក្នុងអំឡុងពេលសវនកម្មបរិស្ថានទូទាំងប្រទេសហើយក៏បានរកឃើញថាបញ្ហាជាច្រើនមិនត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវនោះទេ។