រយៈពេល៥ឆ្នាំមក ក្រសួងធនធានទឹក បានអភិវឌ្ឍន៍ប្រព័ន្ធធារាស្រ្តនានាទំាងតូចទាំងធំបានយ៉ាងច្រើនកន្លែងនៅទូទំាងប្រទេស

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក ហុក សុខរិន​៖

    ក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហាញរបាយការណ៍ថា រយៈពេល៥ឆ្នាំមកក្រសួង បាន​អភិ​វឌ្ឍន៍ប្រព័ន្ធធារាស្រ្តនានាទំាងតូចទំាងធំបានយ៉ាងច្រើនកន្លែងនៅទូទំាងប្រទេស ដើម្បី​បំរើ​ដល់​ការងារស្រោចស្រពផលដំណាំរបស់ប្រជាកសិករ។ សមិទ្ធិផលដែលបាន អភិវឌ្ឍន៍បាន​កន្លង​មកនេះ ទទួលបានការគាំទ្រយ៉ាងខ្លំាងពីបណ្តាប្រជាកសិករ ដោយហេតុ ថាពួកគេអាច​ធ្វើ​ស្រែ​បានពី២ដងទៅ៣ដងក្នុងមួយឆ្នាំ។
ក្នុងរយៈពេល៥ឆ្នាំចាប់ឆ្នាំ២០១៣-២០១៧ ក្រសួងធនធានទឹកនិងឧតុនិយម សម្រេចបានកា​រ​​​ងាររបស់ខ្លួនជាច្រើនជូនជាតិមាតុភូមិ ដូចជា បានពង្រីកលទ្ធភាពស្រោច​ស្រពលើផ្ទៃ​ដីដំណាំ​ស្រូវ​ សរុបចំនួន ៣៥៦.៥២០ហ.ត ក្នុងនោះរួមមាន (ស្រូវរដូវវស្សា ចំនួន ២៤៩.០៦២ហ.ត និង​ស្រូវរដូវប្រាំង ចំនួន ១០៧.៤៥៨ហ.ត)។
ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់វិទ្យុជាតិកម្ពុជា ឲ្យ​​​ដឹងថា ការងារអភិវឌ្ឍន៍ប្រព័ន្ធធារាសសាស្រ្តនេះបើគិតចាប់ពីឆ្នាំ ១៩៩០ មកដល់ឆ្នាំ២០១៧ វិញ​បានពង្រីកលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវរហូតដល់ចំនួន ១.៧៧៩.៣៦៤ហ.ត ក្នុង​នោះ​រួមមាន(ស្រូវរដូវវស្សា ចំនួន១.២៥៩.៣២៨ហ.ត និងស្រូវរដូវប្រាំង ចំនួន៥២០.០៣៦​ហ.ត)​​។ ស្មើនឹង ជិត៦០ភាគ បើប្រៀបធៀបទៅនឹងផ្ទៃដីបង្កបង្កើនផលស្រូវក្នុងឆ្នាំ ២០១៦ ដែលមាន​ស​រុបចំនួន ៣.០៩៧.៦៤៧ហ.ត ក្នុងនោះ ស្រូវវស្សា ២.៥៩៩.៥៨៦ហ.ត និងស្រូវប្រាំង ៤៩៨.​០៦១​ហ.ត (តួលេខរបស់ក្រសួងកសិកម្ម)។ឯកឧត្តម បានបន្តថា ក្រសួងក៏បានពង្រីក​លទ្ធភាព​ស្រោចស្រពដំណាំរួមផ្សំបានចំនួន៦.៥១៨ហ.ត។ បើគិតចាប់ពី​ឆ្នាំ១៩៩០មកដល់ឆ្នាំ​២០១៧​​​ពង្រីកលទ្ធភាពស្រោចស្រព ដំណាំរួមផ្សំសរុបរហូតដល់ចំនួន ១៣.០១៤ហ.ត។
ឯកឧត្តម ចាន់ យុត្ថាបានបង្ហាញពី​ផែនការមួយចំនួនទៀតដែល​ក្រសួងធនធានទឹកនិង​ឧតុ​និ​យមត្រៀម​អភិវឌ្ឍក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទៀត ដើម្បីពង្រីកលទ្ធភាពស្រោចស្រពផ្ទៃដីធ្វើ​ស្រែ​​​​ចំការរ​បស់​​ប្រ​ជាកសិករ ។ឯកឧត្តម បានអៈអាងថា ការពង្រឹងការអភិវឌ្ឍវិស័យ​ធនធាន​ទឹកនិង​ការអភិវឌ្ឍប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធធារាស្រ្តនៅទូទំាងប្រទេសនេះ គឺក្រោមការយកចិត្តទុក​ដាក់​យ៉ាងខ្លំាង ពីប្រមុខរាជរដ្ឋាភិបាល ដោយបានចាត់ទុកការអភិវឌ្ឍវិស័យធនធានទឹក បានជួយ​កាត់​បន្ថយនូវគ្រោះមហន្តរាយដែលកើតឡើងពីធម្មជាតិ និងធានាដល់ការផ្គត់ផ្គងទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយ​លើកស្ទួយដល់គោល​នយោបាយជាតិស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាពនិងយុទ្ធសាស្ត្រ​នាំស្រូវ-​អង្ករ​ចេញ​​ របស់រាជរដ្ឋាភិបាល ព្រមទាំងជួយបង្កើនលទ្ធភាព​ផ្គត់ផ្គងទឹកស្អាត​ដល់ប្រជាពលរដ្ឋ​រស់នៅតាម​ទីក្រុង និងជនបទផងដែរ ។