ទំនប់អាងទឹកស្ទឹងស្រែង កំពុងទាក់ទាញភ្លៀវទេសចរជាតិ និងអន្តរជាតិ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោកស្រី ធីណា ឌីណេ៖

    មន្រ្តីទេសចរខេត្តឧត្តរមានជ័យ បានអៈអាងថា រម្មណីយដ្ឋានទំនប់អាងទឹកស្ទឹងស្រែង កំពុង​ទាក់​​ទាញភ្លៀវទេសចរជាតិនិងអន្តរជាតិច្រើន ដែលបានជួយ​ផ្តល់​ប្រភព​ចំណូល​បន្ថែមដល់​ប្រ​ជា​ពលរដ្ឋ ។
លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ មានប្រសាសន៍​ប្រាប់​​​វិទ្យុ​ជាតិកម្ពុជាថា ទំនប់អាងទឹកស្ទឹងស្រែងនេះ ជាបឹងធម្មជាតិដ៏ធំមួយនៅស្រុកចុងកាល់ ខេត្តឧត្តរ​មានជ័យ បានទាក់ទាញភ្ញៀវជាតិនឹងអន្តរជាតិ ទាំងថ្ងៃបុណ្យ ថ្ងៃឈប់សំរាកឬថ្ងៃធម្មតា យ៉ាង​តិច​​ក៏ជាង៤០០នាក់ទៅ៥០០នាក់ផងដែរ។ លោកស្រីបន្តថា ភ្ញៀវទៅកំសាន្តជាប់ជាប្រចាំ ដោយ​សារតំបន់នោះ មានទឹកត្រជាក់ ធ្វើអោយប្រជាពលរដ្ឋចង់ងូតទឹកលេងកំសាន្ត ថែមទាំង​មាន​ខ្យល់អាកាស ល្អបរិសុទ្ធជាប់នឹងជើងភ្នំអាតោផងដែរ។ លោកស្រីបន្តថា ខណៈដែលមាន​ភ្ញៀវ​ទៅ​លេងទំនប់អាងទឹកស្ទឹងស្រែងដ៏ច្រើននេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅតំបន់នេះ​មានមុខរប​រ​បន្ថែម ដូចជាបំរើសេវាកម្មទេសចរ លក់ម្ហូបអាហារ ដែលបានធ្វើឲ្យ​ពួកគេ​មាន​ជីវភាព​កាន់តែប្រ​សើរឡើងបន្ថែមទៀត។

    លោកស្រីអៈអាងថា មន្ទីរទេសចរណ៍ នឹងពង្រឹងការអប់រំ លើផ្នែកសេវាកម្មចំណី​អាហារ​អនា​ម័យ​ និងសេវា តម្លៃដល់ ប្រជាពលរដ្ឋនៅតំបន់នោះបន្ថែមទៀត ដើម្បីបំរើសេវាកម្ម ឲ្យកាន់តែល្អ ធ្វើអោយភ្ញៀវមកលេងម្តងហើយ ចង់មកម្តងទៀត។
លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ បានអោយដឹងទៀតថា បច្ចុប្បន្ននៅតំបន់នេះ អាជីវរកលក់ដូរមិនទាន់មានច្រើននោះទេ នឹងការគ្រប់គ្រងបរិស្ថាន ក៏ដូច​ជា​ការទុកដាក់កាកសំណល់នៅមិនទាន់ជួបនឹងបញ្ហាធំនោះទេ ប៉ុន្តែរយើង​មានវិ​ធានទាក់​ទង​ទៅ​នឹងបរិស្ថាន ដោយមានការចុះណែនាំដល់អាជីវករ អោយពូកគាត់ចេះទុកដាក់សំរាម យកត្រ​លប់​​​ទៅផ្ទះរបស់ពូកគាត់វិញ។ ហើយបន្ថែមទៀត ក៏មានក្រុមប្រជាការពារថែរក្សានៅតំបន់នោះ នៅពេលដែលមានធុងសំរាម ឬកន្លែងណាដែលទុកសំរាប់ដាក់សំរាមនោះពេញ ពូកគាត់នឹង​ដឹក​ចេញទៅកន្លែងដាក់សំរាម ដើម្បីដុតបំផ្លាញចោល។
លោកស្រី ធិននី មុន្នីរស្មី បានបញ្ជាក់ថា នៅទូទាំង ខេត្តឧត្តរមានជ័យ មានរម្មណីយដ្ឋាន​ទំាង​អស់ចំនួន២២កន្លែង ក្នុងនោះតំបន់ប្រវត្តិសាស្រ្តមានចំនួន១៤កន្លែង ប្រាសាទបុរាណ៤កន្លែង នឹងតំបន់ធម្មជាតិ៤កន្លែង ដែលមានអ្នកទេសចរទៅលេងច្រើនជាងគេផងដែរ។

   យោងតាមរបាយកាណ៍របស់មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងរយៈ​ពេល​៦ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកំសាន្តនៅ ខេត្តឧត្តរមានជ័យ មានចំនួនជាង ៧​ម៉ឺន៦ពាន់នាក់ គឺមានការកើនឡើង ជាង៤៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគា្នកាលពីឆ្នាំ ២០១៧ ៕