វិទ្យាស្ថានរដ្ឋចំនួនពីរសហការបណ្តុះបណ្តាលមន្ត្រីទូតលើជំនាញICT

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ វិទ្យាស្ថានរបស់រដ្ឋចំនួនពីរ សហការបណ្តុះបណ្តាលមន្ត្រីទូតលើជំនាញផ្នែកទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា ICT ខណៈធនធានមនុស្សលើវិស័យនេះនៅមាន កម្រិតតិចតួចនៅឡើយ។ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ហៅកាត់ NIDIR និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅកាត់ និបទិក(NIPTICT) នៅថ្ងៃទី៩ ខែកក្កដានេះ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដែលកំពុងចាំបាច់យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ទាំងវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ថ្លែងក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះឯកឧត្តម ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានឱ្យដឹងថា ភាពដៃគូនេះនឹងជំរុញដល់កំណើនធនធានមនុស្សសម្រាប់អភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង ពិសេសមន្ត្រីការទូតឱ្យមានសមត្ថភាពពិតប្រាកដទៅលើការប្រើប្រាស់ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា អ៊ិនធើណេត អ៊ីម៉េល កម្មវិធីរបស់ទូរស័ព្ទឆ្លាតវៃ និងបណ្តាញសង្គមផ្សេងៗទៀត។ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថាវិទ្យាស្ថានជាតិ និបទិក(NIPTICT) បានឱ្យដឹងថា វិទ្យាស្ថានជាតិ ទាំងពីរនឹងធ្វើការរួមគ្នាលើការងារបណ្តុះបណ្តាល ស្រាវជ្រាវ ដើម្បីធ្វើទំនើបកម្មចំណេះដឹងផ្នែកបច្ចេកវិទ្យាក្នុងស្រុក ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិ និបទិក បានបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំកន្លង នេះ មានមន្ត្រីរាជការមកពីគ្រប់ក្រសួងស្ថាប័នជាង១.៧០០នាក់ និងនិស្សិតជាង៤០០នាក់ បានទទួល ការបណ្តុះបណ្តាលជំនាញផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ដោយឡែក នាពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្នកស្រាវជ្រាវចំនួន១២ ដែលបាននឹងកំពុងធ្វើការស្រាវជ្រាវលើការ អភិវឌ្ឍបច្ចេកវិទ្យាភាសាខ្មែរ ក្នុងប្រព័ន្ធកុំព្យូទ័រ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមិនចេះភាសាអង់គ្លេស អាចប្រើប្រាស់កុំព្យូទ័របានកាន់តែច្រើនឡើងថែមទៀត ខណៈរាជរដ្ឋាភិបាលកំពុងពង្រីកប្រព័ន្ធទំនាក់ ទំនងឱ្យដល់គ្រប់ទីជនបទ៕