នាវាចម្បាំងអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចំពេលមានភាពតានតឹងជាមួយប្រទេសចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០៩.០៧.១៨)

កាលពីថ្ងៃសៅរ៍កន្លងមកនេះ នាវាចម្បាំងអាម៉េរិកពីរគ្រឿង​បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលដំណើរមួយនេះត្រូវបានកោះតៃវ៉ាន់​មើលឃើញថាទំនងដូចជាធ្វើឡើង​ជាសញ្ញាមួយនៃការគាំទ្រដោយលោកប្រធានាធិបតីដូណាល់ត្រាំចំពោះប្រទេសខ្លួនចំពេលដែលកំពុងមានភាពតានតឹងជាមួយប្រទេសចិន។

កាលពីថ្ងៃសៅរ៍ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថានាវាទាំងនោះកំពុងធ្វើដំណើរទៅភាគឦសានព្រមទាំងបានបន្ថែមទៀតថាស្ថានភាពនេះគឺស្របតាមបទប្បញ្ញត្តិ។

ក្រុងវ៉ាស៊ីនតោនគ្មានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់នោះទេ ប៉ុន្តែតាមច្បាប់ អាមេរិកត្រូវ​មានភារៈកិច្ចជួយ​តៃវ៉ាន់ឲ្យអាចការពារខ្លួនឯងបាន និងជាប្រភពអាវុធដ៏សំខាន់របស់កោះតៃវ៉ាន់។ប្រទេសចិនតែងតែនិយាយថាតៃវ៉ាន់គឺជាបញ្ហាដ៏រសើបបំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។