រយៈពេល៥ឆ្នាំ ក្រសួងសាធារណការ ស្តារ និងស្ថាបនា ផ្លូវថ្នល់ បានជាង៧ពាន់ ៣០០គីឡូម៉ែត្រ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក លោកស្រី ផន វាសនា៖ក្នុងរយៈពេល៥ឆ្នាំ នៃអណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៣ ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូនបានសម្រេចការងារជំនាញសំខាន់ៗជាច្រើន ក្នុងនោះការងារ ស្តារនិងស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់ ក្រសួងបានអភិវឌ្ឍន៍ ផ្លូវជាតិកម្រិត១បានចំនួន៩ខ្សែ ដែលមានប្រវែងជាង ២ ២៥៣ គីឡូម៉ែត្រ ផ្លូវជាតិកម្រិត២មានចំនួន៦៦ខ្សែ មានប្រវែងសរុប ជាង៥០០០គីឡូម៉ែត្រ ដែល​ក្នុងនោះមានចាក់កៅស៊ូ និងចាក់បេតុង។ ផ្លូវខេត្តមានចំនួន៣៣៨ខ្សែ មានប្រវែងជាង៨ ១១៤គីឡូម៉ែត្រ ជាប្រភេទផ្លូវចាក់កៅស៊ូ។ ជារួមទំាងផ្លូវជាតិ និងផ្លូវខេត្ត មកដល់បច្ចុប្បន្ននេះ មាន​ប្រវែងសរុបជាង១៥ ៣៧៦គីឡូម៉ែត្រ ដែលក្នុងនោះផ្លូវចាក់កៅស៊ូ និងបេតុង មាន​ប្រវែង​ជាង៧ ៣០០គីឡូម៉ែត្រ ស្មើនឹងជាង៤៨ភាគរយនៃប្រវែងផ្លួវសរុប។ជាមួយ​គ្នានេះ​គម្រោងធំ​ៗ​ក្នុង​​ក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការជាមួយដៃគូអភិ វឌ្ឍន៍ ចាប់​​​ពីឆ្នាំ២០១៣ ដល់ឆ្នាំ​២០១៧ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែល​ក្រ​សួង​​​សាធារណការ និង​ដឹក​ជញ្ជូនទទួលបានហិរញ្ញប្បទាន សហប្រតិបត្តិការ អន្តរជាតិ មាន​ចំនួន​៥៣គម្រោង ដែលមាន​ប្រ​វែង​​​​​​សរុបជាង៣ ១៤៧គីឡូម៉ែត្រ និងថវិកា សរុបជាង២​លាន​១​ម៉ឺន៥ពាន់៥០០ដុល្លាអាមេរិក ក្នុងនោះ ៤០គម្រោងបានអនុវត្តបញ្ចប់រួចរាល់ ដែលមានប្រវែង​ជាង២១៧៧គីឡូម៉ែត្រ និងកំពុង​ដំណើរការមាន១៣គម្រោង មានប្រវែង៩៦៩គីឡូម៉ែត្រ។ ចំ​ណែក​គម្រោងសាងសង់​ហេដ្ឋា​រច​នា​​សម្ព័ន្ធផ្លូវស្ពាន ដែលបានបញ្ចប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ​២០១៧ ​រាជរដ្ឋាភិបាលបានទទួល​ហិរញ្ញប្ប​ទានសហប្រតិបត្តិការ ពីសាធារណរដ្ឋប្រជាមានិត​ចិន មានផ្លូវចំនួន១៥គម្រោងដែលមានប្រ​វែង​ជាង១២៩៦គីឡូម៉ែត្រនិងស្ពានធំៗចំនួន៤​គម្រោង ដែលមាប្រវែង៣៧២០ម៉ែត្រ។ប្រទេស​ជប៉ុនមានផ្លូវចំនួន២គម្រោងមាន​ប្រវែង​ជាង​១១គីឡូ​ម៉ែត្រ និងស្ពានធំៗចំនួន១កន្លែង មាន​ប្រ​វែង​ជាង២២១៥ ម៉ែត្រ ប្រទេសកូរ៉េមានចំនួន៣​គម្រោងមាន​ប្រ​​វែងផ្លូវ១៩០គីឡូម៉ែត្រ ធនាគារ​អភិវឌ្ឍន៍អាស៊ី អេឌីប៊ី មានចំនួន១៤គម្រោង មានប្រវែង​ជាង​ផ្លូវ៦៧០គីឡូម៉ែត្រ និងប្រទេស​វៀត​ណាមមាន គម្រោងចំនួន១គម្រោង​ស្ពាននិងផ្លូវតភ្ជាប់​មាន​ប្រវែងជាង៣គីឡូម៉ែត្រ។រីឯ​ផ្លូវ​ជាតិដែលបញ្ចប់ការសាងសង់ពង្រីកជា៤គន្លងផ្លូវ មាន ផ្លូវជាតិលេខ១ ពីស្ពាន ព្រះមុនីវង្ស​ដល់​វត្តក្តីតាកុយប្រវែងជាង៤គីឡូម៉ែត្រ ផ្លូវជាតិលេខ៣ពីចោមចៅ ទៅទៅឃ្លាំង ថៃប៊ុនរ៉ុង​មាន​ប្រវែង​ជាង២គីឡូម៉ែត្រ ផ្លូវជាតិលេខ៤ពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺមានប្រវែង ជាង៤៦គីឡូម៉ែត្រ ផ្លូវ​ជាតិ​លេខ៥ ពីភ្នំពេញទៅដល់ស្ពានព្រែកក្តាមមានប្រវែង៣១គីឡូម៉ែត្រ និងផ្លូវជាតិលេខ​៦ពីភ្នំ​ពេញ​ទៅ​ដល់ស្គន់មានប្រវែង៦៩គីឡូម៉ែត្រ។ ជាសរុបផ្លូវ៤គន្លងមានប្រវែង១៥២គីឡូម៉ែត្រ។ ចំណែក​​​ផ្លូវជាតិដែលកំពុងស្ថាបនាពង្រីកជា៤គន្លងបន្ថែមទៀតមាន នៅផ្លូវជាតិលេខ៥ ពីព្រែក​ក្តាម​​ទៅ​ក្រុង​​សេរីសោភណ្ឌ័ខេត្តបន្ទាយមានជ័យនិងផ្លូវជាតិលេខ៣ ពីចោមចៅ ដល់ខេត្តកំពត។ ដោយ​​​ឡែក សម្រាប់សមិទ្ធិផលការងារ និងថវិកា លើការងារ ថែទំា ជួសជុល និងសាងសង់​ផ្លូវ​ថ្នល់​​​ក្នុង​ក្រប​​​ខណ្ឌថវិកាជាតិ សម្រាប់ឆ្នាំ២០១៣ ដល់២០១៧ ការថែទំាប្រចាំក្រាលកៅ ស៊ូបាន​ប្រវែង​ជាង​​​​៤១ ៨១៥គីឡូម៉ែត្រ ដីក្រហមមានប្រវែងជាង១៦ ៥៧៣គីឡូម៉ែត្រ ថែទាំ ក្រាល​កៅស៊ូ​មានប្រវែងជាង១០៨០គីឡូម៉ែត្រ និងសាងសង់ថ្មីបានប្រវែង១៩៦៧គីឡូម៉ែត្រ ដោយបាន​ចំ​ណាយ​ថវិការសរុបជាង៤.៥៩៤.៤០០ពាន់លានរៀល ស្មើនឹងជាង១១៣៤ លានដុល្លា។