អភិបាលរាជធានី ជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ជើងឯក ដោះស្រាយផលប៉ះពាល់ឲ្យលឿន ដើម្បីធ្វើផ្លូវអ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន ING ក្រុមហ៊ុន ជីបម៉ុងគ្រុប ដែលទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាលអភិវឌ្ឍន៍តំបន់ជើងឯកនេះ រួសរាន់ ពន្លឿនបើកការដ្ឋានធ្វើផ្លូវ ឲ្យក្លាយជាមហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ជាទីក្រុងរណប និងក្រុងបៃតង។ក្នុងកិច្ចប្រជុំពិភាក្សា លើគម្រោងស្ថាបនា មហាវិថីព្រះឧកញ៉ាភក្តី សប្បុរសភោគាធិបតីហ៊ុននាង នៅតំបន់អភិវឌ្ឍន៍បឹងជើងឯក កាលពីព្រឹកថ្ងៃទី៦ កក្តដា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ដើម្បីស្ថាបនា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង នៅក្នុងតំបន់អភិ វឌ្ឍន៏បឹងជើងឯកនេះ បានលឿន តំណាងក្រុមហ៊ុន ជីប ម៉ុងគ្រុប និងតំណាងក្រុមហ៊ុន ING ដែលទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាល អភិវឌ្ឍន៍តំបន់ជើងឯកនេះ ត្រូវរួមគ្នាដោះស្រាយបញ្ហាផលប៉ះពាល់ឲ្យបានឆាប់ ដើម្បី បើកការដ្ឋាន ធ្វើផ្លូវ អ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុននាង ចូលក្នុងតំបន់នេះ ឲ្យក្លាយទៅទីក្រុងរណប បៃតងស្រស់ស្អាតនិងទំនើប។ គម្រោងស្ថាបនាមហាវិថីនេះ មានទទឹង៣០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ២ មកដល់ផ្លូវ ៣៧១ ច្រមុះជ្រូកក្បាលថ្នល់។ ឯកឧត្តម អភិបាល បន្តថា មហាវិថីអ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាង គឺជាគម្រោងចាស់ ដោយចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ ផ្លូវនេះ មានសារសំខាន់ ក្នុងការរំដោះចរាចរណ៏ចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯក ។ដូច្នេះ ក្រុមហ៊ុនទាំងពីរ ធ្វើយ៉ាងណាសម្របសម្រួលគ្នា ដោះស្រាយបញ្ហាប៉ះពាល់ ដើម្បីពន្លឿនធ្វើផ្លូវនេះ រួមនិងស្ពានឆ្លងកាត់ផងដែរ។ គួរបញ្ជាក់ថា៖ ផ្លូវថ្មីមួយខ្សែ ដែលប្រសិទ្ធនាមថា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរស ភោគាធិបតីហ៊ុននាង ដែលត្រូវសាងសង់នេះ មានគោលបំណងទី១ ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ ដើម្បីរៀបចំឲ្យមានលំហូរ ធ្វើចរាចរណ៍បានល្អប្រសើរ ដោយប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ៣៧១ អាចឆ្ពោះ ទៅផ្លូវជាតិលេខ២ ឬផ្លូវ៦០ម៉ែត្របាន ដោយពុំបាច់ រង់ចាំធ្វើដំណើររហូតទៅដល់ច្រមុះជ្រូកក្បាលថ្នល់ តាមផ្លូវ៦០ម៉ែត្រឬផ្លូវជាតិលេខ២ ទៀតឡើយ ។ គម្រោងផ្លូវថ្មីនេះ មានការ តភ្ជាប់ជាមួយនឹងស្ពានមួយខ្សែ ឆ្លងកាត់ប្រឡាយចុះមកបឹងទំពុន ត្រូវសាងសង់ស្ពានមួយប្រវែង៨០ម៉ែត្រ ៕