ស្ថានទូតខ្មែរ អំពាវនាវឲ្យពលរដ្ឋខ្មែរ មុននឹងចេញទៅធ្វើការនៅប្រទេសកូរ៉េ បន្ទាប់ពីប្រឡងជាប់ សូមកុំប្រើប្រាស់ថ្នាំណាដែលមិនមានវេជ្ជបញ្ជា ព្រោះថ្នាំខ្លះអាចមានសារជាតិ ដែលកូរ៉េ ហាមឃាត់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖
សាធារណរដ្ឋកូរ៉េ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់​បងប្អូន​ប្រ​ជា​​​​​​ពលរដ្ឋខ្មែរ ទាំងអស់ដែលត្រៀម ចេញទៅធ្វើការនៅប្រទេសកូរ៉េ ក្រោយប្រឡងជាប់ហើយ សូម​មេត្តាកុំ​ប្រើ​ប្រាស់​ថ្នាំ​ផ្តេស​ផ្តាស់ ដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ព្រោះការផ្សំថ្នាំផ្តាសាយខ្លះវា​នឹង​​​​អាច​មានសារជាតិខ្លះ ដែល​នៅប្រទេសកូរ៉េគេហាមឃាត់ ។
ឯកអគ្គរាជទូតកម្ពុជា និងប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស នៃ​សាធារណរដ្ឋកូរ៉េ បាន​​​ឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់​ស្ថាន​ភាព​ការងារ របស់​សហ​គ​មន៍ខ្មែរ ជាពិសេសពលករឲ្យកាន់តែល្អប្រសើរ ។ ការឯកភាពបន្ត​កិច្ច​​​សហប្រតិបត្តិការនេះ បាន​​​ធ្វើឡើងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសដែល ឯក​​អគ្គ​រាជ​ទូតកម្ពុជាប្រចាំ​សា​ធារ​ណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌីម៉ង់ និងទីប្រឹក្សាការងារ​ ជួបពិភាក្សា​ការ​ងារ​ជាមួយ ឯកឧត្តម KIM DONG MANប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃសា​ធារ​ណ​​​​រដ្ឋ​​កូរ៉េ HRD-Korea ដែល​​​ទើបទទួលមុខតំណែងថ្មី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិ​បត្តិការ​​​​ឲ្យកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ពិសេសនៅក្នុងអាណត្តិរបស់ឯកឧត្តម ​ប្រធាន។
ឯកឧត្តមឡុង ឌីម៉ង់ បានស្នើសុំដល់ ទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃសា​ធារ​ណ​​​​រដ្ឋ​​កូ​រ៉េ មួយចំនួន ក្នុងនោះមាន ទី១. បន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកម្ពស់​ស្ថានភាពការ​ងារ​ ក៏​ដូច​ជាការរស់នៅរបស់បងប្អូនពលករខ្មែរ ឲ្យកាន់តែមានលក្ខណៈប្រសើរឡើង។ ទី២.​ផ្តល់​ការ​សម្របសម្រួល ដល់អាជ្ញាធរកូរ៉េពាក់ព័ន្ធក្នុងការផ្តល់ឱកាសពិនិត្យលើកទី២ ដល់ពល​ករខ្មែរ​ដែល​បានធ្វើតេស្ត ឃើញសារធាតុហាមឃាត់ ។ ទី៣. បង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេស នៅតាមតំបន់តូចៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវា របស់ពលករខ្មែរ និងពលករបរទេស។
មន្ត្រីទូកកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ការជួបពិភាក្សានេះប្រធាន​​​​ទីភ្នាក់​ងារ​អភិវឌ្ឍន៍ធនធានមនុស្សដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េនិងឯក​អគ្គ​រាជ​ទូត បាន​​​​​ឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកម្ពស់ស្ថានភាពការងារ ក៏ដូចជា​ការ​រស់​នៅរបស់បងប្អូនពលករខ្មែរឲ្យកាន់តែមានលក្ខណៈប្រសើរឡើង ហើយនិងដោះ​ស្រាយ​បញ្ហា​​​​លំបាកមួយចំនួន ដែលបងប្អូនជួបប្រទះ ហើយនឹងទទួល​យកសំណើ​របស់​ឯកអគ្គ​រាជ​ទូត ដើម្បី​ពិនិត្យនិងចាត់ការបន្ត ។ មន្ត្រីដដែល បានឲ្យដឹងទៀតថា ពេល​ពិនិត្យ​សុខ​ភាព​​​ ពលករ ឃើញ​​​​មាន​សារ​ធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាសពិនិត្យ​លើក​​​ទី២​ជាមួយនឹងការ​យកថ្នាំដែលបងប្អូនលេបមុនចេញដំណើរ​មកធ្វើកោ​សល្យវិច័យ​នៅមន្ទីរ​ពេទ្យ​​​។