ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងពិភាក្សាការងារវិនិយោគ វិស័យកសិកម្មជាមួយកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមពិភាក្សាការងារមួយចំនួនជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរអោយកាន់តែល្អប្រសើរ ។ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាមានប្រសាសន៍ថាកន្លងមករដ្ឋាភិបាលកូរ៉េបានជួយគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម តាមរយៈអង្គការ KOICA និងអង្គការ KOPIA និងជាពិសេសគាំទ្រដល់ការស្តារ និងការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមសង្ឃឹម ថារដ្ឋាភិបាលកូរ៉េនឹងបន្តការគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការឲ្យកាន់តែ រឹងមាំ និងល្អប្រសើរថែមទៀត ពិសេសលើការកែច្នៃកសិផលកម្ពុជានិងការធ្វើពាណិជ្ជកម្មលើផលិផលកសិកម្មនាពេលអនាគត។ ក្នុងជំនួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៨នៅទីស្តីការក្រសួងកសិកម្មឯកឧត្តមអូ ណាក់ យុង Mr. Oh Nak-Youngឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជាបាន បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុននិងសហគ្រាសកូរ៉េចំនួន៥៩ ក្នុងនោះមាន ១០ បាននិងកំពុងវិនិយោគលើវិស័យកសិកម្ម ក្រៅពីនោះកំពុងតែសិក្សាស្រាវជ្រាវពីសក្តានុពលលើវិស័យកសិកម្មដើម្បីដាក់ទុនវិនិយោគ និងខ្លះទៀតកំពុងតែចុះបញ្ជិកាឲ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ កន្លងមកក្រុមហ៊ុន ហ៊ុន របស់កូរ៉េបាននាំផលិផលស្វាយកែវរមៀតរបស់កម្ពុជាទៅកាន់ទីក្រុងហុងកុង ហើយអនាគតដ៏ខ្លីនឹងធ្វើការនាំចេញទៅប្រទេសកូរ៉េ។ ឯកឧត្តមអូ ណាក់ យុង បានអោយដឹងទៀតថាក្រៅពីក្រុមហ៊ុនទាំងនេះនៅមានក្រុមហ៊ុនផ្សេងទៀតកំពុងតែដាំដំឡូងមីសម្រាប់ផលិតអេតាណុល ឬបិតស្រា។ ទន្ទឹមនិងសមិទ្ធផលល្អៗទាំងអស់នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលក្រុមហ៊ុននិងសហគ្រាសកូរ៉េកំពុងជួបប្រទះ ហើយចាំចាប់ត្រូវធ្វើការដោះស្រាយរួមគ្នាដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តឈ្នះ ឈ្នះ រវាងវិនិយោគិន និងប្រជាកសិករដែលជាអ្នកផលិត។ បញ្ហាទាំងនោះរួមមានទី១.ការ ផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យ ទី២. កិច្ចសហប្រតិបត្តិការលើការនាំចេញរវាងស្ថាប័នរដ្ឋ និងវិស័យឯកជននៅ មានកម្រិត ទី៣. បញ្ហាតម្លៃអគ្គិសនី និងសេវាដឹកជញ្ជូននៅមានកំរិតខ្ពស់បើធៀបជាមួយប្រទេសជិតខាង ទី៤.ពន្ធលើគ្រឿងបន្លាស់គ្រឿងយន្តកសិកម្ម នៅខ្ពស់ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃបន្ថែមលើផលិតផលកសិកម្ម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា ប្រសិនបើបញ្ហា នេះត្រូវបានដោះស្រាយនោះបរិយាកាសនៃការវិនិយោគកាន់តែមានភាពល្អប្រសើរនាពេលអនាគត ស្របពេលដែលពលករកម្ពុជាទៅបម្រើការងារនៅប្រទេសកូរ៉េផ្នែកវិស័យកសិកម្មនឹងត្រឡប់មកកម្ពុជាវិញដែលពួកគេអាចមានឱកាសបម្រើការងារឲ្យក្រុមហ៊ុនកូរ៉េកំពុងដំណើរការវិនិយោគក្នុងប្រទេសកម្ពុជា ព្រោះពួកគាត់មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ពីរសំខាន់ គឺជំនាញ និងភាសា ជាពិសេសតាមរយៈការវិនិយោគនេះក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយឲ្យសម្រេចនូវមហិច្ឆិតារបស់ សម្តេចតេជោហ៊ុនសែន នាយរដ្ឋមន្ត្រីនៃកម្ពុជាដែលចង់ប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០។ជាការឆ្លើយតប ឯកឧត្តម វេង សាខុន បានឯកភាព និងទទួលយកនូវរាល់បញ្ហាដើម្បីស្វែងរកដំណោះស្រាយ។ ឯកឧត្តម បានបញ្ជាក់ថាកន្លងមកជំនួបរបៀបនេះមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យ ភាគីទាំងពីរមិនអាចឈានទៅរកដំណោះស្រាយជាគោលការណ៍ច្បាស់លាស់ណាមួយបាន តែជំនួប រយៈពេល២ម៉ោងកន្លះនេះបាន ធ្វើឲ្យភាគីទាំងពីរបានយល់ ដឹងបញ្ហាជាច្រើនដែលជាឧបសគ្គ ឬជារបាំងក្នុងការដំណើរការអាជីវកម្ម ឬវិនិយោគវិស័យកសិកម្មរបស់ក្រុមហ៊ុន។ ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយឈ្នះ ឈ្នះ វេង សាខុន បានស្នើឲ្យភាគីកូរ៉េរៀបចំកម្មវិធីពិភាក្សារវាងអ្នកវិនិយោគកូរ៉េ ជាមួយថ្នាក់ដឹកនាំ ឬមន្រ្តីជំនាញ ដើម្បីលើកយកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមដើម្បី ស្វែងរកគន្លឹះដោះស្រាយត្រឹមត្រូវជាក់លាក់មួយ ហើយកម្មវិធីនេះគួរធ្វើឲ្យ បាន២ដងក្នុង១ឆ្នាំ ។ឯកឧត្តម វេង សាខុន ក្នុងនាម រាជរដ្ឋាភិបាល បានសន្យាថានឹងផ្តល់កិច្ចសហការ គ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនកូរ៉េក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្នៃ រួចនាំចេញនាពេលអនាគត ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានផែនការ ពង្រីកព្រលានយន្តហោះ កសាងកំពង់ផែរទឹកជ្រៅកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងបញ្ចុះតម្លៃអគ្គិសនីផងដែរ៕