ចក្រភពអង់គ្លេសទាមទារឱ្យរុស្ស៊ីពន្យល់ពីការវាយប្រហារដោយសារធាតុគីមីពុលបន្ទាប់ពីមនុស្សពីរនាក់ទៀតរងគ្រោះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៦.០៧.១៨)

អង់គ្លេស៖ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសអង់គ្លេសបានទាមទារឲ្យប្រទេសរុស្ស៊ីផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារដោយសារធាតុគីមីពុលឈ្មោះ ណូវីជុក (Novichok)ទៅលើអតីតភ្នាក់ងារចារកម្មនិងកូនស្រីរបស់គាត់បន្ទាប់ពីពលរដ្ឋអង់គ្លេសពីរនាក់ទៀតត្រូវបានរងគ្រោះដោយសារធាតុគីមីពុលប្រភេទដូចគ្នានេះ។

​ជនជាតិអង់គ្លេសពីរនាក់ដែលម្នាក់ជាមនុស្សស្រីមានអាយុ ៤៤ ឆ្នាំនិងម្នាក់ទៀតជាមនុស្សប្រុសអាយុ ៤៥
ឆ្នាំបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរក្រោយពីបានកាន់វត្ថុម្យ៉ាងដែលប៉ូលីសអះអាងថាមានសារធាតុអ្វីម្យ៉ាងនៅជិតទីតាំងនៃការវាយប្រហារទៅលើអតីតចារកម្មសូវៀតកាលពីខែមិនាកន្លងមកនេះ ។

ចក្រភពអង់គ្លេសបានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទបំពុលលើអតីតចារកម្មសូវៀតដោយសារធាតុគីមីពុលដែលត្រូវបានបង្កើតឡើងដោយកងទ័ពសូវៀតអំឡុងសង្គ្រាមត្រជាក់ដែលនេះជាការប្រើអាវុធគីមីដំបូងបង្អស់នៅលើទឹកដីអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ។