ខ្សែរថភ្លើងភាគទិសពាយ័ព្យរបស់កម្ពុជានឹងភ្ជាប់ដល់ប្រទេសសិង្ហបូរីក្នុងពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអះអាងថា ខ្សែរថភ្លើងភាគទិសពាយ័ព្យរបស់កម្ពុជានឹងភ្ជាប់ដល់ប្រទេសសិង្ហបូរីក្នុងពេលឆាប់ៗនេះ ដើម្បីប្រើក្លាយជាច្រកភស្តុភារកម្មភ្ជាប់រវាងកម្ពុជាទៅកាន់តំបន់។ថ្លែងបន្ទាប់ពីមកដល់ស្ថានីយរថភ្លើងភ្នំពេញ នៃការសាកល្បងដំណើរការកំណាត់ផ្លូវរថភ្លើងពីស្ថានីយ៍ពោធិសាត់ ដែលមានប្រវែង១៦៦គីឡូម៉ែត្រ កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវរថភ្លើងតភ្ជាប់រវាងភ្នំពេញ-ប៉ោយប៉ែត អាចដឹកអ្នកដំណើរ និងទំនិញរហូតដល់ប្រទេសសិង្ហបូរី ក្រោយពេលត្រូវភ្ជាប់ជាមួយផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ លោក បានឱ្យដឹងថា ពេលឆាប់ៗខាងមុខនេះ នឹងមានការណាត់ជួបជាមួយរដ្ឋមន្រ្ដីក្រសួងសាធារណការប្រទេសថៃ ដើម្បីកំណត់ពីពេលវេលាឆ្លងកាត់ព្រំដែននេះ។ លោកបានបញ្ជាក់ថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារក្នុងតំបន់ ពិសេសការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច។ មួយផ្នែកទៀត ផ្លូវនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ ការខូចផ្លូវដែលបណ្តាលមកពីការដឹកធ្ងន់លើសទម្ងន់ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនទៀតផង។ លោកបន្តថា ផ្លូវដែកមួយនេះជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន និងជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល ដើម្បីជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្មទេសចរណ៍ ។ផ្លូវដែកទិសពាយ័ព្យ ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ ក្រោយពីផ្អាកដំណើរការជាង៣៥ឆ្នាំ ដោយកត្តាសង្គ្រាមស៊ីវិលកាត់ផ្តាច់។ ផ្លូវនេះ នឹងក្លាយជាច្រកភស្តុភារកម្មដ៏សំខាន់សម្រាប់កម្ពុជាភ្ជាប់ទៅសហគមន៍អាស៊ាន។ផ្លូវរថភ្លើងភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ បានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ហើយត្រូវបានបំផ្លាញដោយសង្គ្រាម។ ផ្លូវដែកនេះត្រូវបានចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ២០០៩ ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ ក្រោមការប្រើប្រាស់ថវិកាប្រមាណ៧៧លានដុល្លារអាមេរិក រវាងថវិកាជាតិ និងជំនួយរបស់ធនាគារអភិវឌ្ឍអាស៊ី ក្រោយពីផ្តល់សិទ្ធិសម្បទានវិនិយោគទៅឱ្យក្រុមហ៊ុន Toll Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង៕