មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បង្ហាញពីវប្បធម៌របស់ប្រជាជនខ្លួនដល់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានបង្ហាញពីវប្បធម៌របស់ប្រជាជនខ្លួនដល់កម្ពុជា ដើម្បីប្រយោជន៍ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងសិល្បៈរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ។ការបង្ហាញពីវប្បធម៌សិល្បៈ និងជំនឿរបស់ប្រជាជនជប៉ុននេះ ធ្វើឡើងពិធីបុណ្យតាណាបាតា(Tanabata) ឬបុណ្យផ្កាយ នៅក្នុងរាជធានីភ្នំពេញ រសៀលថ្ងៃទី៥ ខែកក្កដានេះ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌ និងបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសនិងប្រជាជនជប៉ុន និងកម្ពុជា។ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការទម្រង់ នៃការផ្លាស់ប្តូរវប្បធម៌គ្នារវាងប្រជាជនជប៉ុន និងកម្ពុជានេះ ថាជាឱកាសសម្រាប់ឱ្យប្រជាជនកម្ពុជា ជាពិសេស សិស្ស និស្សិត និងសាធារណជនទាំងឡាយ បានយល់ដឹង និងស្គាល់ពីវប្បធម៌របស់ប្រទេសជប៉ុន។ ចំណែក ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជា និងជប៉ុនមិនត្រឹមមានទំនាក់ទំនងផ្នែកការទូត ប៉ុណ្ណោះទេ សូម្បីតែវប្បធម៌ក៏មានទំនាក់ទំនងគ្នាផងដែរ។ពិធីបុណ្យនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅកម្ពុជា បន្ទាប់ពីចាប់ផ្តើមដំបូងនៅឆ្នាំ២០០៤ ក្នុងគោលបំណង បន្តជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសទាំងពីរបន្ថែមទៀត។ បុណ្យនេះ ជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន ដើម្បីរំលឹកពីដំណើររឿង របស់គូស្នេហ៍មួយគូ គឺនារីតម្បាញនិងបុរសគង្វាលគោ ដែលបានបំបែកគូស្នេហ៍នេះ ដោយទន្លេអាមាណុហ្កាវ៉ា ហើយអាចជួបគ្នាបានតែម្ដងគត់ ក្នុងមួយឆ្នាំ គឺថ្ងៃទី៧កក្កដា។សូមបញ្ជាក់ថា ក្នុងការប្រារព្ធវិធីបុណ្យផ្កាយនៅកម្ពុជានេះ ក៏មានការពិព័រណ៍ ការរស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន ការដាក់តាំងបង្ហាញអំពីឧបករណ៍ភ្លេងបុរាណខ្មែរ និងការបង្ហាញផលិតផល និងអាហារបែបជប៉ុនផងដែរ៕