រាជរដ្ឋាភិបាលជំរុញឲ្យមណ្ឌលសិក្សាបច្ចេកទេសធនាគារខិតខំពង្រឹងសមត្ថភាពធនធានមនុស្ស

វិទ្យុជាតិកម្ពុជា៖ ដោយ លោកជួន បូណា ៖ មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល បានជំរុញឲ្យមណ្ឌលសិក្សាបច្ចេកទេសធនាគារខិតខំពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីជួយបណ្ដុះបណ្ដាលចំណេះដឹង ចំណេះធ្វើ និងចែករំលែកបទពិសោធន៍ និងឯកទេសកម្មវិជ្ជាជីវៈឲ្យកាន់តែមានប្រសិទ្ធភាពក្នុងវិស័យធនាគារ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារជំនាន់ទី២៤និងទី២៥ នៅសាលមហោស្របកោះពេជ្រ នាព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៨នេះ ឯកឧតម្ត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា សាស្ដ្រាចារ្យ និងបុគ្គលិកសិក្សានៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ត្រូវខិតខំជួយបណ្ដុះបណ្ដាលចំណេះដឹង ចំណេះធ្វើ និងចែករម្លែកបទពិសោធន៍ល្អៗដល់និសិត្សទទួលបានការអប់រំជំនាញប្រកបដោយគុណភាព និងក្លាយជាធនធានមនុស្សមានសក្ដានុពលសម្រាប់សង្គមជាតិ ខណៈដែលរាជរដ្ឋាភិបាល មានតម្រូវការចាំចាច់ផ្នែកធនធានមនុស្ស សម្រាប់បម្រើការអភិវឌ្ឍន៍រីកចម្រើន នៃវិស័យធនាគារនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា។ឯកឧត្ដមបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់បានរៀបចំបណ្ដុះបណ្ដាលផ្ទៃក្នុងនូវជំនាញសំខាន់ៗ ដូចជាភាពជាអ្នកដឹកនាំ ការវិភាគហិរញ្ញវត្ថុ និងការសិក្សាជំនាញត្រួតពិនិត្យធនាគារតាមប្រព័ន្ធអនឡាញ និងការធ្វើឯកទេសកម្មលើជំនាញគណនេយ្យសញ្ញាបត្រACCAនិងជំនាញវិភាគហិរញ្ញវត្ថុ សញ្ញបត្រCFAដើម្បីពង្រឹងប្រសិទ្ធភាពការងារស្នូលនៅតាមនាយកដ្ឋានជំនាញ។ ជាពិសេស បញ្ជួនមន្រ្តីបុគ្គលិកទៅសិក្សានៅប្រទេសអភិវឌ្ឍន៍ធំៗ ដើម្បីនាំមកវិញនូវចំណេះដឹង និងសមត្ថភាពថ្មីៗ សម្រាប់ពង្រឹងប្រសិទ្ធភាពការងារថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧតម្ត ទេសាភិបាល ជឿជាក់ថាយ៉ាងមុតមាំថា ក្មួយៗនឹងបន្តខិតខំអភិវឌ្ឍខ្លួនបន្ថែមទៀត តាមរយះការដុះខាត់ចំណេះដឹង និងប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួន ប្រកបដោយគុណធម៌ ភាពស្មោះត្រង់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ជាគុណប្រយោជន៍ដល់គ្រួសារនិងសង្គមជាតិ៕