សម្តេចតេជោ នាយករដ្ឋមន្រ្តី ថ្លែងថា មិនមែនទាល់តែសហជីពដឹកនាំហែរក្បួនធ្វើបាតុកម្ម ទើបហៅថាសេរីភាពកម្មករនោះទេ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុង​ឱកាស​ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.០០០នាក់​មកពីរោងចក្រសហ​គ្រាស ចំនួន១៨នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។ ពាក់ពន្ធ័នឹងការហែរក្បួននេះដែរ សម្តេច ធ្លាប់បានដឹងថា បើសិនមិនហែរក្បួនទេ សហជីពមិន​ទទួលបានថវិកាជំនួយ ពីម្ចាស់លុយនៅក្រៅប្រទេស នោះទេ។សម្តេចតេជោ ក៏សូមផ្តាំទៅ​អ្នក​ដែលទទួលលុយពីបរទេសដែលមកធ្វើជាសហជីព មិនមែនទាល់តែហែរក្បួន បានហៅ​ថាសេរី​ភាព ដើម្បីធ្វើយ៉ាងណាឱ្យគេផ្តល់ថវិកានោះទេ ត្រូវគិតទៅដល់សុខទុក្ខរបស់កម្មករ​-កម្មការិនី​ផង​​​។សម្តេចតេជោ បានអំពាវនាវ ដល់កម្មករ-កម្មការិនីទាំងអស់ ត្រូវខិតខំធ្វើយ៉ាងម៉េច​ឱ្យ​ក្លាយ​​ទៅជាសហគមន៍ ដ៏សុខសាន្តនៅតាមរោងចក្រ ត្រូវយកចិត្តទុកដាក់រួមគ្នា ព្រោះគ្មានជោគជ័យ​ណា​មួយដែលខ្វះការចូលរួមនោះទេ។ ជាក់ស្តែងរោងចក្រមួយ ទទួលបានជោគជ័យលុះត្រា តែ​ថៅកែរោងចក្រ ដែលជាអ្នកវិនិយោគបង្កើតការងារសម្រាប់កម្មករ កម្មការិនី ហើយ កម្មករ-កម្ម​ការិនី ក៏ត្រូវខិតខំធ្វើការងារឲ្យបានល្អ ដើម្បីទទួលបានអត្ថប្រយោជន៍ពីថៅកែរោងចក្រតាម​រយៈ​​​នៃការបង្កើនប្រាក់បៀរវត្ស និងអត្ថប្រយោជន៍ដទៃទៀតផងដែរ ។