សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ នឹងពង្រីកសេវារបស់ខ្លួនទៅក្រៅក្រុងបន្ថែម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះ​ក្នុង​ឱកាស​ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.០០០នាក់មក​ពីរោងចក្រសហ​គ្រាស ចំនួន១៨នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។
សម្តេចតេជោ បានបន្តថា ថ្មីៗនេះសាលារាជធានីភ្នំពេញបានបន្ថែម រថយន្តក្រុងថែមទៀត​ដើម្បីប្រើប្រាស់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋនិងក្មួយៗកម្មករ-កម្មការិនី ហើយក៏កំពុង ពង្រីកខ្សែរថយន្តក្រុងបន្ថែម ទៅតំបន់ស្រុកអង្គស្នួលផងដែរ ដើម្បីបង្កភាពងាយ​ស្រួល​ដល់​កម្ម​ករ-កម្មការិនី ដែលធ្វើការនៅទីនេះអាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ។សម្តេចតេជោ បន្ថែមថា នៅពេលឆាប់ៗខាងមុខនេះ សេវាកម្មរថយន្តក្រុងនឹងពង្រីកផង​ដែរនៅតាមបណ្តាជាយ​ក្រុងជា​បន្តបន្ទាប់ទៀត ដូចជាទៅតំបន់ក្រុងតាខ្មៅជាដើម។