ពេលនេះ អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យរថយន្តក្រុង ជាអំណោយប្រទេសជប៉ុន ដែលទើបនាំចូលមកដល់ ដើម្បីពង្រីកសេវាដឹកអ្នកដំណើរសាធារណៈបន្ថែម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖ រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅរសៀលថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៨នេះ បានអញ្ជើញ ចុះពិនិត្យរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ជាជុំនួយរបស់ប្រទេសជប៉ុន ដែលទើបនាំចូល និងរក្សាទុកនៅក្នុងតំបន់អភិវឌ្ឍន៏ជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងគោលបំណងពង្រីកសេវាដឹកអ្នកដំណើរសាធារណៈបន្ថែម ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុន បានផ្តល់អំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា នូវរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ចំនួន ៨០គ្រឿង តែពេលនេះ ដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ចំនួន២០គ្រឿងសិន និងដឹកជញ្ជូននៅពេលក្រោយបន្តបន្ទាប់ទៀត ។ លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឲ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានរថយន្តក្រុងចំនួន១៥៥គ្រឿង ដែលកំពង់ធ្វើចរាចរណ៏លើផ្លូវសំខាន់ៗចំនួន៨ខ្សែ ដែលមានមនុស្សជិះ ជាង២ម៉ឺននាក់ ក្នុង១ថ្ងៃ ។ លោកបន្តថា បន្ទាប់ពីទទួលបានជុំនួយរថយន្តចំនួន៨០គ្រឿងពីប្រទេសជប៉ុនទៀតនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកខ្សែរត់បន្ថែមទៀត ដើម្បីបង្ខិតសេវាកម្មនេះឲ្យនៅជិតផ្ទះប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ ។