សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនៅតែបន្តចុះជួបជាមួយកម្មករ-កម្មកា រិនី បើគណបក្សប្រជាជនកម្ពុជាឈ្នះលើការបោះឆ្នោត

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.០០០នាក់មកពីរោងចក្រសហគ្រាស ចំនួន១៨នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។ សម្តេចតេជោ បានបន្តថា សន្តិភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីនាំប្រទេសទៅរកការអភិវឌ្ឍ ដូច្នេះនៅថ្ងៃ ទី២៩ ខែកក្កដា ខាងមុខនេះ សូមក្មួយៗកម្មករ-កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋធ្វើការសំរេច ចិត្តឲ្យបានត្រឹមត្រូវ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស។ សម្តេចតេជោ ក្នុងនាមប្រធាន គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាថា បើគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស នឹង ធានាឲ្យមានសុខសន្តិភាព មិនឲ្យអ្នកណាម្នាក់មកបំផ្លាញបានឡើយ ជាពិសេសការងារនិងប្រាក់ចំណូលដែលក្មួយៗកម្មករ-កម្មការិនីកំពុងមាន នឹងបន្តកើនឡើង។សម្តេចតេជោ បញ្ជាក់ថា នឹងបន្តជួបជាមួយកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនៅទូទាំងប្រទេស ក្រៅពីនោះ ក៏នឹងមានគំរោងចុះជួបសំណេះសំណាលជាមួយ កម្មករក្នុងវិស័យសំណង់ និងវិស័យផ្សេងៗ ទៀត។