អនុស្សារណៈចំនួន៣នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីបរិស្ថានចិន មកកាន់កម្ពុជា

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោក វ៉ាងភក្តី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ្សៅ យីងមីន(ZHAO Yingmin) អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញមកមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលាម៉ោង ១ម០០នាទី រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងដំណើរទស្សនកុច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រុងប៉េកាំងនេះ មានកិច្ចព្រមព្រៀងចំនួន៣ នឹងត្រូវចុះ​​ហត្ថ​លេខា​​លើអនុស្សារណៈយោគយល់គ្នា(MoU) រវាង​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថានប្រទេសចិន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែកក្កដានេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចព្រមព្រៀងចំនួន៣នោះមាន​ដូចជា៖ ទី១.ការបង្កើត​ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិ​ការបរិស្ថានកម្ពុជា-ចិន ទី២. កិច្ច​សហប្រតិបត្តិ​ការ​​អភិរក្សជីវៈ​ចម្រុះ​កម្ពុជា-ចិន និងទី៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសម្អាតទឹក​កខ្វក់។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏នឹងចូលរួម​​ជាសាក្សី​សម្រាប់ពិធីដាក់​​ឱ្យប្រើប្រាស់​​​«ការិយាល័យ​​​រៀប​ចំ​​បង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិ​ការបរិស្ថានកម្ពុជា-ចិន»ផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ឱ្យល្អប្រសើរ ជាពិសេសលើកកម្ពស់កិច្ចគាំ​​ពារបរិស្ថាន និងគ្រប់គ្រង វិស័យបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួង​​បរិស្ថាន បានអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ឯកឧត្តមអនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន ដោយផ្ទាល់​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

រូបដោយ ក្រសួងបរិស្ថាន
រូបដោយ ក្រសួងបរិស្ថាន
រូបដោយ ក្រសួងបរិស្ថាន