រដ្ឋមន្រ្តីក្រសួងដែនដីណែនាំដល់ប្រជាពលរដ្ឋក្រីក្រដែលទទួលបានដីសម្បទានសង្គមកិច្ចមិនត្រូវលក់ដូរ ឬយកទៅបញ្ចាំឡើយ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកហុក សុខរិន

ក្រចេះ៖  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីគម្រោង​​បែងចែក​ដី​ដើម្បី​សង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ សូមកុំលក់ដូរ ឬយក ទៅបញ្ចាំ ដើម្បីរក្សាដីនេះអោយ​​បាន​ល្អ​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងកូនចៅតទៅមុខទៀត។ 

ថ្លែងក្នុពិធីប្រគល់បណ្ណកម្មសិទ្ធិអចលនវត្ថុជូនប្រជាពលរដ្ឋក្រីក្រស្ថិតក្នុងឃុំសំបុក និងឃុំ    ចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះកាលពីពេលថ្មីឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា ទោះបីបងប្អូនប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយជួបការលំបាកក្នុង​​ជីវភាពយ៉ាង​ណាក្តី មិនត្រូវយកដីដែលបានផ្តល់ជូននេះទៅលក់ដូរឬបញ្ចាំនៅធនាគារឡើយ ដើម្បីកុំអោយរងទុក្ខជួបការ​​លំបាក​​គ្មានផ្ទះ​​សម្បែងឬគ្មានដីធ្វើសែ្រចំការដូចពីមុន។

ឯកឧត្តមបន្តថា ការផ្តល់បណ្ណកម្មសិទ្ធីដីធ្លីដល់ប្រជាពលរដ្ឋក្រីក្រក្នុងគម្រោងបែងចែកដីដើម្បីសង្គម​​កិច្ចនិង​ការអភិវឌ្ឍ​​​សេដ្ឋកិច្ច​ជំហានទី២នេះ មិនត្រឹមតែធានាអោយប្រជាពលរដ្ឋមានសិទ្ធិ​​ពេញលេញក្នុងការគ្រប់​​គ្រងដីធ្លីរបស់ខ្លួនទៅតាមតម្រូវការប៉ុណ្ណោះទេ ។ ប៉ុន្តែ វាជាផលប្រយោជន៍លើកកម្ពស់សេដ្ឋកិច្ចក្រុមគ្រួសាររយៈ​​ពេលវែងតទៅ​មុខទៀត។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំអោយប្រជាពលរដ្ឋទំាងនេះលក់ដីដែលរដ្ឋផ្តល់ជូនហើយ នោះ អាជ្ញាធរ​ឃុំស្រុក​​ទំាង​ឡាយដែលស្ថិតនៅក្នុងគម្រោងផ្តល់ដីសម្បទានដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ទំាងអស់មិនត្រូវចុះហត្ថលេខាដឹងឮឬទទួលស្គាល់ឡើយ នៅពេលបងប្អូនណាចង់លក់ឬចង់បញ្ចាំ ហើយការធ្វើ។​ដូច្នេះគឺដើម្បីបំរើផលប្រយោជន៍រយៈពេលវែងរបស់បងប្អូនប្រជាពលរដ្ឋមានផ្ទះសម្បែងស្នាក់នៅមានដីធ្វើកសិកម្មនិងអាចផ្ទេរទៅអោយ កូនចៅថែមទៀតផង។

លោក Mark  Austin ប្រធានកម្មវិធីរបស់ ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា បានទទួល​​ស្គាល់​​​ថា គម្រោងបែងចែកដីដល់អ្នកក្រីក្រដែលរាជរដ្ឋាភិបាលកម្ពុជាសហការ​​ជាមួយដៃគូអភិវឌ្ឍន៍កន្លង​​មកនេះ​ពិត​​ជាបានផ្តល់ផលប្រយោជន៍ និងដោះស្រាយការលំបាកជូន​​ប្រជាពលរដ្ឋបានជាច្រើន ពិសេសបានផ្លាស់​​ប្តូរកម្រិត​ជីវភាព​​​ប្រជាពលរដ្ឋបានល្អប្រសើរ។ 

លោកបានឲ្យដឹងថា ប្រជាពលរដ្ឋមានផ្ទះសម្បែងរស់នៅសមរម្យ មានដីធ្វើកសិកម្ម ហើយបានបញ្ជូនកូនចៅទៅ​​រៀន​​សូត្របាន​​គ្រប់ៗគ្នា ដោយសារតែគម្រោងបានអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្តផ្សេងៗដែលឆ្លើយតប​​ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅទីតំាងថ្មីនោះ។

លោកបែន លេង ជាសម្បទានិកដែលទទួលបានដីពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច​បាន​​​អៈ​អាងថា លោកមិនចង់ទៅរស់នៅកន្លែងណាផ្សេងទៀតឡើយ  ព្រោះភូមិថ្មីដែលរាជរដ្ឋាភិបាល​​បានបង្កើត​នេះងាយស្រួលរស់នៅបើធៀបនឹងភូមិចាស់។ លោកថា ទាំងរូបលោកនិងអ្នកភូមិផ្សេងទៀត បានរស់​​នៅក្នុងកម្រិត​ជីវភាពល្អប្រសើរជាងមុន មិនខ្វះខាត ហើយកូនៗបានទៅរៀនសូត្រ ដើម្បីកសាង​​អនាគតត​​ទៅ​មុខទៀត។

សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២នេះ ក្រោមកិច្ចសហការរួម​​គ្នារវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក ដោយបានផ្តល់ដីលំនៅ ដ្ឋាន និងដីធ្វើកសិកម្មជូនដល់ប្រជាពល​​រដ្ឋក្រី​ក្រ​ប្រមាណជាង៥ពាន់គ្រួសារស្ថិតនៅក្នុងខេត្ត ចំនួន៥ ក្នុងនោះ មានខេត្តក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តកំពង់ធំ៕

ឯកឧត្តម ជា សុផារ៉ា ផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋនៅឃុំសំបុក និងឃុំ ចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ