ចិនពិភាក្សាពីគម្រោងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវារីវប្បកម្ម នៅកម្ពុជា

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ឯកឧត្តម Ma Yi អគ្គនាយកការិយាល័យពង្រឹង​ការអនុវត្តច្បាប់ជលផល​នៅទន្លេ​យ៉ាង​សេ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការ​រក្សា​​​បាននូវផលចាប់ពីការនេសាទក្នុងរង្វង់ ៦០០ ០០០តោនក្នុងមួយឆ្នាំ និងជំរុញការ​អភិវឌ្ឍ​វារី​វប្បកម្ម។   ក្នុងឪកាសឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាពីគម្រោងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវារីវប្បកម្មនិងការគ្រប់គ្រងធនធានជលផលនៅកម្ពុជានៅ ទីស្តីការក្រសួង កាលពីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ
ឯកឧត្តម Ma Yi បានបញ្ជាក់ពីជំហរយ៉ាងច្បាស់ថា ឯកឧត្តមនឹងបន្តពង្រឹង​កិច្ចសហប្រតិ​បត្តិ​ការ​ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យកាន់តែស៊ីជម្រៅ ដោយឯកឧត្តមគ្រោង​នឹងអញ្ជើញថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ទៅ​ទស្សន​កិច្ចការវិវឌ្ឍបច្ចេកវិទ្យានិងបច្ចេកទេសថ្មីៗក្នុងការអភិវឌ្ឍវារីវប្បកម្មនៅប្រទេសចិន ព្រម​ទាំងស្នើឲ្យភាគីកម្ពុជាសិក្សាពីតម្រូវការបច្ចេកទេស ដែលកម្ពុជាកំពុងមានការខ្វះ​ខាតនិងស្នើ​ទៅ​ឯកឧត្តម វេង សាខុន ដើម្បី ពិនិត្យពីលទ្ធភាពក្នុងការគាំទ្រ។  ឯកឧត្តម ក៏បានបញ្ជាក់ផងដែថា កិច្ចសហប្រតិបត្តិការមេគង្គឡាងឆាង នឹងជំរុញនូវការបង្កើនឡើងនូវផលស្តុកធនធានជលផល ការកសាងសមត្ថភាពធនធានមនុស្ស និងទិន្នផលវារីវប្បកម្មរបស់កម្ពុជា។ ឯកឧត្តម Ma Yi បានថ្លែងអំណរគុណដល់ ឯកឧត្តម វេង សាខុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងកសិកម្មចិន ព្រមទាំង​បានអញ្ជើញ​ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលរួមវេទិកាស្តីពីការគ្រប់​គ្រងធន​ធាន​ជលផល និងការអភិវឌ្ឍវារីវប្បកម្មនៅក្នុងតុលា ឆ្នាំ២០១៨ នាខេត្តវូហាន់ នៃសាធារណរដ្ឋ​ប្រជា​មានិតចិន។
នៅក្នុងជំនួបនេះ ឯកឧត្តម វេង សាខុន បានសម្តែងនូវក្តីរីករាយ ចំពោះ ឯកឧត្តម Ma Yi ដែល​បានអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថាកិច្ចសហប្រតិបត្តិការ មេគង្គឡាងឆាង មានសារសំ​ខាន់​ក្នុងការថែរក្សាធនធានជលផល ថែមទាំងផ្តល់អត្ថប្រយោជន៏ជាច្រើនដល់ប្រជាជន និងពាណិជ្ជ​កម្ម ហើយសង្ឃឹមថានឹងមានការផ្លាស់ប្តូរ​ពាណិជ្ជកម្មត្រីរវាងគ្នាទៅវិញ​ទៅមកក្នុងពេលដ៏​ខ្លីខាង​មុខនេះ៕