ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមិនខាតបង់នោះទេ ក្នុងការចងមិត្តភាពជាមួយប្រទេសចិន

អគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍​បែប​នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅ​ស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែ​កក្កដា នេះ ខណៈដែលប្រជាពលរដ្ឋមួយចំនួន បានយល់ច្រឡំថា វត្តមានជន​ជាតិចិន​មាន​ច្រើន​នៅកម្ពុជា នាពេលបច្ចុប្បន្នធ្វើឲ្យប៉ះពាល់ដល់កម្ពុជា។ សម្តេតេជោ បានបន្តថា បញ្ហាវត្ត​មាន​ជន​ជាតិចិនច្រើននៅកម្ពុជាសូមបងប្អូន កុំយល់ច្រឡំនេះគឺជាតម្រូវការនៃការសាងសង់ ព្រោះ​បច្ចុ​ប្បន្ន​​ការវិនិយោគភាគច្រើនជាពិសេសលើការកសាងហេដ្ឋារចនាសម្ពន្ធ័ គឺបានមកពី​ប្រទេស​ចិន ហើយកម្ពុជាមិនទាន់មានលទ្ធភាព ផ្គត់ផ្គង់អ្នកបច្ចេកទេសនិងកម្មករជំនាញ ឲ្យចិន​គ្រប់​គ្រាន់​​​នោះ​ទេ ដែលតំរូវឲ្យប្រទេសចិនបញ្ជូនអ្នកជំនាញរបស់គេមកកម្ពុជា។សម្តេចតេជោ បញ្ជាក់ថា កម្ពុជា-ចិនគឺជាមិត្តភាពដែកថែប ហើយគ្មានការខាតបង់ណាមួយឡើយចំពោះ កម្ពុជាដែល​រាប់​អានចិនជាមិត្ត។មិនមែនគ្រាន់តែកម្ពុជាទេ សូម្បីតែប្រទេសសមាជិកអាស៊ានទាំង១០ ក៏ទទួល​បានផលប្រយោជន៍ច្រើនណាស់ពីចិន ជាពិសេសលើការនាំចេញទំនិញទៅកាន់ប្រទេសចិន ក៏ដូចជាគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ។

Leave a Reply

Your email address will not be published.