ខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ឧត្តរមានជ័យ៖​ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ កាលពីថ្ងៃច័ន្ទ ១៣កើតខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានរៀបចំកិច្ចប្រជុំគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការ-មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិ បាល អភិបាលរងក្រុង-ស្រុកទាំង៥ ប្រធានសាខាគយនិងរដ្ឋាករ កាំកុងត្រូល នគរបាលអន្តោប្រវេសន៍ ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិទាំង៣ និង ប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្តផងដែរ ។

ឯកឧត្តម ស ថាវី បានមានប្រសាសន៍ថា អាជ្ញាធរនៅគ្រប់មូលដ្ឋានត្រូវបង្កលក្ខណៈឱ្យគណបក្សនយោបាយនានាធ្វើសកម្មភាព ដើម្បីឱ្យបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ឆ្នាំ២០១៨។ ត្រូវពង្រឹងឱ្យមានប្រសិទ្ធភាពនៃការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ក្រុង – ស្រុក ឃុំ – សង្កាត់ និង តាមបណ្តាភូមិក្នុងខេត្តរបស់ខ្លួនឱ្យបានល្អ ។ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ការងារការពារ ពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនឱ្យកាន់តែល្អប្រសើរឡើង ។ដោយឡែកប្រធានមន្ទីរកសិកម្ម ត្រូវចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវ រដូវវស្សាដោយធ្វើការផ្សព្វផ្សាយ អំពីលក្ខណៈបច្ចេកទេសកសិកម្មសំខាន់ៗ ដល់ប្រជាកសិករ ដើម្បីឱ្យពួកគាត់បានយល់កាន់តែច្បាស់ពីការងារបង្កបង្កើនផល ទទួលបានផលច្រើន ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើសេចក្តីណែនាំឱ្យអាជ្ញាធរនៅគ្រប់មូលដ្ឋានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យត្រៀមឯកសារនានាដែលពាក់ព័ន្ធការបោះឆ្នោត និងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ៕

ដោយ ទិត ស្រ៊(AKP)