ប៉ូលិសថៃ រឹបអូសយកបានគ្រាប់បែកបំពង់ ៤០ គ្រាប់ក្នុងតំបន់ភាគខាងត្បូងបំផុត

ថៃ៖ ប្រភពប៉ូលិសមួយបាននិយាយថា គ្រាប់បែកបំពង់ប្រហែល៤០គ្រាប់ ដែលគេជឿថា ត្រូវបានគេ រៀបចំឡើងសម្រាប់ការវាយប្រហារប៉ះបោរត្រូវគេរឹបអូស យកបាននៅក្នុងខេត្តព្រំដែន ភាគខាងត្បូងមួយ របស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍នេះ ។

តាមប្រភពនៅឯទីបញ្ជាការប៉ូលិសជាតិឱ្យដឹងថា គ្រាប់បែកបំពង់ព្រមទាំងឧបករណ៍កំណត់ពេល ដែលភាគច្រើន រៀបចំឡើងនៅក្នុងចន្លោះពេល៥នាទី ត្រូវរឹបអូសយកបានពីរថយន្តភិកអាប់មួយគ្រឿង ដោយប៉ូលិសនៅលើផ្លូវមួយ ក្នុងស្រុក Tak Bai នៃខេត្តណារ៉ាធីវ៉ាត ចម្ងាយប្រហែល ១.១៥០គីឡូម៉ែត្រ ខាងត្បូង ក្រុងបាងកក ។
បុរសដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់ដែលកំពុងជិះក្នុងរថយន្ត ដែលផ្ទុកដោយគ្រាប់បែកនេះ ត្រូវគេចាប់ខ្លួន ដោយឡែកម្នាក់ទៀតបានរត់គេចខ្លួន ។
ប៉ូលិសជឿថា គ្រាប់បែកបំពង់នេះ ត្រូវបានគេរៀបចំឡើងសម្រាប់ពួកឧទ្ទាម ដើម្បីវាយប្រហារពួក អាជ្ញាធរនៅក្នុង ខេត្តភាគខាងត្បូងបំផុត ដែលមានចលាចល ដែលរួមមានខេត្ត បាតានី , យ៉ាឡា និង ណារ៉ាធីវ៉ាត ៕

ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន(AKP)