|
សាលក្រមរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បាន សំរេចថាប្រាសាទព្រះវិហារ ស្ថិតនៅលើទឹកដីដែលនៅក្រោម អធិបតេយ្យភាព របស់កម្ពុជា ។ ផ្អែកលើសាលក្រមនេះ និងផ្អែកទៅស្ថានភាព ជាក់ស្តែងនៃប្រាង្គប្រាសាទនោះ ក្នុងឋានៈជា ប្រទេសម្ចាស់ប្រាសាទ ព្រះរាជាណាចក្រកម្ពុជា បានធ្វើ សំណើសុំដាក់ ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ក្នុងគោលបំណងការពារបេតិកភ័ណ្ឌសកលនេះ ដែលជា ស្នាដៃដ៏អស្ចារ្យ របស់បុព្វបុរសខ្មែរ សម័យអង្គរ ដើម្បីទុកជាកេរមរតកសម្បត្តិ វប្បធម៌ ជូនមនុស្សជំនាន់ក្រោយៗ ទៀត ។ ប្រាសាទព្រះវិហារបានត្រូវដាក់បញ្ជូលទៅក្នុង បញ្ជីបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០០៨ នាសម័យ ប្រជុំលើក ទី៣២ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកនៅទីក្រុងកេបិច ប្រទេសកាណាដា ។ |