|
||
|
ក្នុងឋានៈជាប្រេសិតរបស់អ.ស.ប. (១៩៩៤-១៩៩៧) ក្រោយការបោះឆ្នោតហើយ ការរេរាំរវាងអ៊ុនតាក់-អេសអិនស៊ី-រដ្ឋកម្ពុជា បានបញ្ចប់ ។ សភាពការណ៍ នៅកម្ពុជារយៈពេលខាងក្រោយនេះ គឺជាល្បែងប៉ូគែ ( Poker ) រវាងសីហនុនឹងហ៊ុនសែន ហើយបន្ទាប់ មកទៀតជាល្បែងប៉ូគែរវាងហ៊ុនសែននឹងរណ្ណឬទ្ធិ ដោយមានសម្តេចសីហនុ នៅលឹបលពីខាងក្រោយ។ នេះជាល្បែងប៉ូគែដែលមើលពីខាងក្រៅហាក់ដូចជាមានភាពស្និទ្ធស្នាល តែធាតុពិតម្នាក់ៗសុទ្ធតែប្តេជ្ញា យកឈ្នះ រៀងៗខ្លួន (ទំព័រ ១៥១) ។ នៅខែវិច្ឆិកា ១៩៩៣ បន្ទាប់ពីការសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. មក លោកអគ្គលេខាធិការ អ.ស.ប. បានតែងតាំងលោក បេនី ជាតំនាងនយោបាយរបស់អគ្គលេខាធិការប្រចាំនៅកម្ពុជា តែនៅ ក្នុងឋានៈនេះ លោកមិនបានមានសិទ្ធិកាន់ព្រនង់ ឬ កាន់ការ៉ុត ឡើយ ភារកិច្ច របស់លោកគឺតាមដាន សភាពការណ៍នយោបាយ រក្សាកិច្ចសន្ទនាជាមួយរដ្ឋាភិបាលថ្មីនៅកម្ពុជា តាមដានកិច្ចអភិវឌ្ឍន៍ផ្នែក នយោបាយ និង សន្តិសុខ ហើយរាយការណ៍ជូនអគ្គលេខាធិការអ.ស.ប. តែប៉ុននោះ (ទំព័រ ១៣៨)។ នៅប្រទេសកម្ពុជា អ.ស.ប. នៅមានសល់ក្រុមទំនាក់ទំនងយោធារបស់ខ្លួនមួយក្រុមដែរ ដែលមាន នាយទាហានចំនួនម្ភៃនាក់ហើយ ដែលនៅ ក្រោមបញ្ជាការវរសេនីយឯកបង់ក្លាដេសមួយរូបឈ្មោះ Muniruz Zaman ( ទំព័រ ១៣៨ ) ។ នៅថ្ងៃ ៧ មេសា ១៩៩៣ គឺមួយ ថ្ងៃមុនការយាង ត្រលប់មកវិញ របស់សម្តេចសីហនុពី ប៉េកាំង លោក បេនីបានមក ដល់កម្ពុជា ។ ដោយ អ.ស.ប. យល់ឃើញថាសភាពការណ៍សន្តិសុខនៅកម្ពុជាមានការ ប្រសើរជាងមុន ទើបនៅលើកនេះគេបានអនុញ្ញាត អោយលោកនាំ ប្រពន្ធ មក ជាមួយ (ទំព័រ ១៣៩) ។ នៅពេលមកដល់ភ្នំពេញដំបូង លោកស្នាក់នៅសណ្ឋាគារហូលីដេ ។ នៅពេលនោះទើបលោកដឹងថា បុរសម្នាក់ ដែល ជិះយន្តហោះជាមួយលោក និង ដែលមានអ្នក ហែហមបង្គួរដែរនោះជាព្រះអង្គម្ចាស់ យុវនាថ ។ អ្នកទាំង នោះស្នាក់នៅ សណ្ឋាគារ ហូលីដេជាមួយលោកប៉ុន្តែអ្នកទទួលខុសត្រូវសណ្ឋាគារ បានរអ៊ូរទាំពីប្រការដែលពួកនេះស៊ីផឹកសន្ធឹកសន្ធាប់ហើយដាក់បុងចូល ក្នុងលេខ បន្ទប់តែ មិនដែល ចេញលុយមួយរៀលឡើយ (ទំព័រ ១៤៣) ។ តាមពិតនៅក្នុងឱកាសដែលសម្តេចសីហនុឡើងគ្រងរាជ្យជាថ្មីម្តងទៀតនេះ មានពួករាជានិយមជា ច្រើនបានវិលត្រលប់ពីការនីរទេសខ្លួនដើម ្បីត្រៀមបន្តបែបបទរស់នៅយ៉ាងសំញែងរបស់ពួកគេដូច កាលពីឆ្នាំ ៦០ ឡើងវិញ ។ លោក បេនី បានជួបនឹងរឿងនេះយ៉ាងគំហុកនៅពេល ដែលលោកត្រូវបាន អគ្គលេខាធិការគណបក្សហ៊្វុនស៊ីនប៉ិចគឺព្រះអង្គម្ចាស់រណ្ណឬទិ្ធអញ្ជើញទៅចូលរួមសមោសរអបអរពិធី ចូលឆ្នាំថ្មីខ្មែរនៅ ឯកន្លែងហែលទឹកសណ្ឋាគារកាំបូឌីយ៉ាណា ។ ផ្ទុយពីភរិយារបស់មន្ត្រីគណបក្សប្រជា ជនដែលលោកធ្លាប់ឃើញក្នុងពេលសម័យ អ៊ុនតាក់ ដែលគេតែងស្លៀកពាក់សាមញ្ញនិងមិនសូវមានទំនាក់ទំនងជាមួយភរិយាពួកបរទេសនោះប្រពន្ធមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ីនប៉ិចពួកព្រះអង្គម្ចាស់ក្សត្រី ស្លៀកពាក់បែបខ្មែរដែរតែជាម៉ូតបរទេស (ទំព័រ ១៤៣) ។ នៅពេលដែលលោក បេនី ឃើញអ្នកម្នាង គ្រីស្ទីន ភរិយារបស់ព្រះអង្គម្ចាស់ស៊ីរីវុធ ហើយដែលលោកបានស្គាល់យូរមកហើយតាមរយៈការងារ ដែលធ្លាប់បំរើការក្រោមលោកនៅ ESCAP នៅក្នុងទីក្រុងបាងកកនោះ លោក បាននិយាយថាៈHey christine ! ហើយលោកត្រូវគ្រីស្ទីនសំលក់មើលយ៉ាងត្រជាក់ស្រេប ទាល់តែលោកនិយាយថាៈHello Your Royal Highness Norodom ! - ទើបគ្រីស្ទីនលូកដៃមកចាប់ទាំងក្រសែភ្នែកត្រជាក់ដដែល (ទំព័រ ១៤៤) ។ ពួករាជានិយមទាំងនេះនៅពេលក្រោយបន្តិចទៀតមក បានក្លាយជាអ្នកមានភោគទ្រព្យដូចរដ្ឋមន្ត្រី របស់រដ្ឋកម្ពុជាដែរ អាស្រ័យដោយ F បីៈ Foreign aid, Foreign investment and Foreign tourists. រយៈពេលមួយឆ្នាំក្រោយការបោះឆ្នោត គឺជារយៈពេលច័ន្ទទឹកឃ្មុំរវាងសហនាយករដ្ឋមន្ត្រីរណ្ណឬទិ្ធ នឹង ហ៊ុនសែន (ទំព័រ ១៤៤) ។ ប៉ុន្តែថ្វីត្បិត តែកិច្ចការពារប្រទេស មហាផ្ទៃ គណៈរដ្ឋមន្ត្រី មានសហរដ្ឋមន្ត្រីក្តី ក៏រចនាសំព័ន្ធនៃរដ្ឋបាលថ្មីនេះបានផ្តល់អោយលោក ហ៊ុនសែន នូវអំណាច ស្ទើរតែទាំងអស់ទៅហើយ (ទំព័រ ១៤៥) ។ ពិតមែនតែអភិបាលខេត្តត្រូវបានបែងចែកពាក់កណ្តាលម្នាក់ក្តី ថ្វីត្បិតតែអភិបាលរងជា មនុស្ស មកពីគណបក្សផ្សេងពីអភិបាលខេត្តក្តី តែចុះពីក្រោមនេះទៅទៀតគឺសុទ្ធតែមន្ត្រីចាស់ដែល ស្ទើរតែទាំងអស់ជាសមាជិករបស់គណបក្ស ប្រជាជន (ទំព័រ ១៤៥) ។ ពោលគឺថ្វីត្បិតតែរដ្ឋកម្ពុជាត្រូវ បានរំសាយអាស្រ័យការបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីនេះក៏ដោយ ក៏យន្តការ សេវា រដ្ឋបាលរបស់រដ្ឋ កម្ពុជាមិនត្រូវបានកំចាត់កំចាយផងទេ ។ ហើយថ្វីត្បិតតែហ៊្វុនស៊ីនប៉ិចបានឈ្នះឆ្នោតក្តី ក៏គណបក្ស នេះអាចបញ្ចូល បានមនុស្សដែលគេនាំមកពីការនីរទេសឯប្រទេសក្រៅនិងពីក្នុងជំរុំជនភៀសខ្លួនតែ ប៉ុន្មានរយនាក់ប៉ុននោះទៅក្នុងយន្តការរដ្ឋបាល ដ៏ធំសំបើម ដែលមានមនុស្សរាប់សែននាក់នេះ ។ ឯអ្នកគាំទ្រហ៊្វុនស៊ីនប៉ិចក្នុងស្រុកវិញបានទទួលការងារនិងអំណាចតែបន្តិចបន្តួចប៉ុននោះ (ទំព័រ ១៤៥) ។ នេះជាការចំអកនៃព្រហ្មលិខិតមួយ ។ ការដាក់ភាពឯកោលើសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទសវត្ស៨០ បានបន្តរក្សាទុរគ៌តភាព នៅក្នុងប្រទេសកម្ពុជាតែក៏បានពង្រឹងភាពនយោបាយរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាអោយកាន់តែខ្លាំងក្លាផងដែរ (ទំព័រ ១៤៥) ។ លោក បេនី បានមើលឃើញថា ថ្វីត្បិតតែការបោះឆ្នោតរបស់អ៊ុនតាក់ជាការចាំបាច់ តែនេះមិនមែនជា កត្តាគ្រប់គ្រាន់ដើម្បីធានាអោយ មាន ស្ថិរភាពនយោបាយបានទេ នេះមិនគិតទៅដល់ការងារប្រជាធិបតេយ្យនីយកម្មកម្ពុជាផង ។ នៅក្នុងកម្ពុជាថ្មី រដ្ឋកម្ពុជាបានប្រែខ្លួនទៅ ជាគណបក្សនយោបាយ ពោល គឺគណបក្សប្រជាជន (ទំព័រ ១៤៦) ។ នៅពេលនេះ លោក បេនី យល់ថាលោកកំពុងនៅចំកណ្តាល បេះដូង នៃល្បែងអំណាចនៅកម្ពុជាហើយ (ទំព័រ ១៥១) ។ ទំព័របន្ទាប់...
|
||
|