|
||
|
បន្ទាប់ពីការផ្សាយរបស់កាសែត << កម្ពុជាថ្មី >> លេខ១៣៥៥ ចេញថៃ្ងសៅរ៍ ទី០២ ខែ មិថុនា ឆ្នាំ ២០០៧ នៅទំព័រទី១ របស់ខ្លួន នៅក្រោមអត្ថបទដែលមានចំនងជើងថា << វេបសាយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ សរសេរផ្ទៃដីកម្ពុជាទំហំត្រឹម ១៨១.០០០ គីឡូម៉ែតការ៉េ >> នោះមក អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការស្រាវជ្រាវជាបន្ទាន់ភ្លាម ហើយសូមធ្វើការបំភ្លឺជូនសាធារណ មតិដូចតទៅ = តាមការពិត វេបសាយដែលមានអាស័យដ្ឋាន www.aseansec.org នេះ គឺជាវេបសាយរបស់លេខាធិការដ្ឋានអាស៊ាន ដែលមានទីស្នាក់ ការនៅទីក្រុង ជកាតា នៃប្រទេសឥណ្ឌូនេស៊ី ហើយដែលគ្រាន់តែជាការិយាល័យសំរបសំរួលការងាររដ្ឋបាលរបស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍មួយតែប៉ុននោះ ។ តាមពិតតួលេខ ដែលបានចុះនៅលើវេបសាយរបស់ការិយាល័យនេះ គឺ ១៨១.០ គីឡូម៉ែតការ៉េ ដែលជាការសរសេរយកលេខមូល បន្ទាប់ពីការធើ្វបច្ចុប្បន្នីយកម្មបំរាប់ (data) នានារបស់ការិយាល័យនេះមក ដោយមិនបានយក តាមបំរាប់នៃវេបសាយរបស់រាជរដ្ឋាភិបាលកម្ពុជា (www.cambodia.gov.kh) ដែលបានដាក់យ៉ាងច្បាស់ថាផៃ្ទដីប្រទេសកម្ពុជា មានទំហំ ១៨១.០៣៥ គីឡូម៉ែត្រការ៉េនោះ ។ ចំពោះកំហុសឆ្គងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានជូនដំណឹងទៅ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជូនដំណឹងទៅលេខាធិការដ្ឋានអាស៊ានដើម្បីធើ្វកំនែតំរូវជាបន្ទាន់ផងដែរ ។ ទន្ទឹមគ្នានេះអ្នកនាំ ពាក្យរាជរដ្ឋាភិបាលសូមថែ្លងសរសើរដល់អង្គភាពកាសែត << កម្ពុជាថ្មី >> ដែលបានរួសរាន់ជូនដំណឹងនេះ ដើម្បីរាជរដ្ឋាភិបាលមានវិធាន ការទាន់ពេលវេលា។
ភ្នំពេញ ថៃ្ងទី ០២ មិថុនា ឆ្នាំ២០០៧ |
||
|