ក្រុមតន្រ្ដី Harpeth Rising នឹងមកសម្ដែងនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីបង្កើនការផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រុមតន្រ្ដីអាម៉េរិកឈ្មោះ Harpeth Rising សហការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយ ដែល មានឈ្មោះថាអង្គការសិល្បៈខ្មែរអមតៈ នឹងមកសម្ដែងនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួម បង្កើនការផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា នេះគឺជាកម្មវិធីតន្រ្ដីអាម៉េរិកនៅបរទេស ដែលទទួលបាន ការឧបត្ថម្ភពីការិយាល័យកិច្ចការវប្បធម៌ និងអប់រំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ មុន នឹងចាប់ផ្ដើមការសម្ដែង ស្ថានទូតសហរដ្ឋអាមេរិក នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៥ កន្លះល្ងាច នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ។ ក្នុងសេចក្ដីប្រកាសបានបន្ដថា សមាជិកបីរូប ជាស្រ្ដីវ័យក្មេងនៃក្រុមតន្រ្ដី Harpeth Rising រួមមានឈ្មោះ Jordana Greenberg, Maria Di Menglio  និង Michelle Younger នឹងរៀបចំធ្វើសិក្ខាសាលាជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ មូលនិធិ Harpswell Foundation, អង្គការ Epic Arts និងមូលនិធិគ្រួសារថ្មីដោយនឹងសម្ដែងនៅតាមរាជធានី ខេត្ដ ចំនួនបី គឺរាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដកំពត។ ជាមួយគ្នានេះ ក្នុងដំណើរការ សម្ដែងរបស់ក្រុមតន្រ្ដីទាំងនេះ នឹងជួយបង្កើននូវទំនាក់ទំនងយ៉ាងរឹងមាំថែមទៀតផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងជួយផ្ដល់លទ្ធភាពដល់ស្រ្ដី និងលើកកម្ពស់សិទ្ធិស្រ្ដី ស្របពេលដែលការប្រារព្ធទិវានារីអន្ដរជាតិនាពេលខាងមុខ។

ស្ថានទូតសហរដ្ឋអាមេរិកមានជំនឿយ៉ាងមុតមាំថា ការប្រគំតន្រ្ដីនេះគឺជាមធ្យោបាយ ដ៏ល្អប្រសើរសម្រាប់ជួយស្រ្ដី ក្នុងពេលដែលពួកគេបន្ដការតស៊ូ ដើម្បីសមភាពយេនឌ័រនៅ កម្ពុជា។ ទន្ទឹមនេះ តន្រ្ដីមានអំណាចបង្រួបបង្រួមមនុស្ស ហើយវាជាយានមួយសម្រាប់ឱ្យស្រ្ដី បង្ហាញពីខ្លួនឯង និងបង្ហាញអំពីអត្ដសញ្ញាណរបស់ពួកគេផងដែរ។ សមាជិកម្នាក់ៗនៃក្រុម Harpeth Rising មានរឿងល្អៗដែលពួកគេនឹងប្រាប់នៅក្នុងអំឡុងពេលនៃការធ្វើសិក្ខាសាលា និងក្នុងពេលសម្ដែងរួមជាមួយសិល្បករកម្ពុជា។ ស្ថានទូតអាម៉េរិកក៏បានប្រកាសអញ្ជើញដល់ ប្រជាជនកម្ពុជាមកស្ដាប់រឿងរបស់ក្រុមតន្រ្ដីទាំងនេះ ដើម្បីយកមកឆ្លុះបញ្ចាំងពីភាពជាអ្នក ដឹកនាំ និងការផ្ដល់សិទ្ធិអំណាចដល់ស្រ្ដីនៅក្នុងប្រទេសកម្ពុជាផងដែរ៕

ដោយ អ៊ុន រិទ្ធី