សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និងវប្បធម៌ឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​​ចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Paun Maharani រដ្ឋមន្ត្រីសម្របសម្រួលការ​អភិ​វឌ្ឍ​មនុស្សជាតិ និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម នៅ​វិមា​ន​សន្តិភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ ​កុ​ម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្ដិភាព។


ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានប្រាប់អ្នកយកព័ត៌មាន​ក្រោយ​ជំ​នួ​ប​​នោះ​ថា លោកជំទាវ Paun Maharani បានជម្រាបជូនសម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី អំពី គោលបំណងនៃការអញ្ជើញមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមក្នុងពិធី​ប្រារព្ធ​ខួប៦០​ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី ដែលទំនាក់ទំនងនេះ​បានបន្សល់​ទុក​ដោយ ស្នាព្រះហស្ដនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និងអតីត​ប្រ​ធា​នា​ធិ​បតីឥណ្ឌូ ណេស៊ី ស៊ូកាណូ។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងពេញ​ចិត្ត​បំ​ផុត​ចំពោះវត្តមានចូលរួមយ៉ាងច្រើនអធិកអធមពីបណ្តាថ្នាក់ដឹកនាំកម្ពុជា នៅក្នុងពិធីប្រារព្ធខួ​ប​​ទំនាក់​ទំនងការទូតនេះ។ លោកជំទាវក៏បានជម្រាបជូន សម្ដេចតេជោ ផងដែរ​ថាការជ្រើស​រើ​ស​យកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះជាថ្ងៃប្រារព្ធខួប គឺកាលពី៦០ ឆ្នាំមុន ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែកុម្ភៈឆ្នាំ ១៩៥៩ ដែលប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា បានចុះហត្ថលេខាជាផ្លូវការ​លើ​កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។


ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរ​គុណដល់​លោក​ជំទាវ ដែលបានអញ្ជើញមកកម្ពុជាចូលរួមក្នុងកម្មវិធីនេះ ហើយព្រមទាំងបាននាំមក​នូវ​សិ​ល្បករ សិល្បការិនី ចូលរួមសម្តែងយ៉ាងអធិកអធមទៀតផង។ វត្តមានរបស់លោកជំទាវ គឺ​បា​ន​រឹតបន្តឹងនូវចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងល្អប្រសើរ។
ទន្ទឹមនឹងនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រម្លឹកអំពី​ស្នាដៃនៃថ្នាក់​ដឹក​នាំ​ជំនាន់មុន ដែលបានខិតខំកសាងបន្សល់ទុកនូវទំនាក់ទំនងដ៏ល្អដល់ប្រទេសយើងទាំង២ ហើ​យបានបន្តមកដល់អ្នកដឹកនាំជំនាន់ក្រោយៗ ដែលមានរយៈពេលជាង ៦០ ឆ្នាំមកនេះ ហើយ​ដែលកំពុងរីកដុះដាល និងរឹងមាំមកទល់សព្វថ្ងៃ។

សម្តេចតេជោនាយក​​​រដ្ឋមន្រ្តីបានរម្លឹ​ក ​ផងដែរ អំពីការចូលរួមយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូណេស៊ីកន្លងមក ទាំងនៅក្នុងកម្រិត​តំបន់ និង​ពិភពលោក។ ដោយឡែកនៅកម្ពុជា គឺឥណ្ឌូណេស៊ី បានចូលរួមចំណែកស្វែងរក សន្តិភាព ព្រម​ទាំងបានធ្វើជាសហប្រធាននៃកិច្ចចរចារសន្តិភាពទីក្រុងប៉ារីសផងដែរ។ ក្រៅពី នោះគឺ​ប្រ​ទេ​សឥណ្ឌូណេស៊ីបានរួមចំណែកបញ្ជូនទ័ពមកការពារសន្តិភាពនៅ​កម្ពុជាក្នុង កំឡុង​ពេលរៀប​ចំ​ការបោះឆ្នោតដែលរៀបចំគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UNTAC) កាលពីឆ្នាំ១៩​៩​៣​ ព្រមទាំងជំនួយក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍ធនធានមនុស្ស និងធន ធានកងទ័ព​នៅកម្ពុ​ជា​ផ​ង​ដែរ។

សម្ដេចតេជោបានស្នើសុំភាគីឥណ្ឌូណេស៊ីបន្តពង្រឹង និង ពង្រីក​នូវ​ទំនាក់​ទំនង​សហប្រតិបត្តិការនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ហើយចូលរួមជំរុញ និងពង្រីក​ទំហំពា​ណិជ្ជ​កម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្ត និង ជំរុញនូវ​ទំនាក់ទំនង​ ​ឱ្យកាន់តែជិតស្និទ្ធល្អប្រសើរវាងប្រជាជាតិនៃប្រទេសទាំងពីរ តាមរយៈ ការផ្លាស់ប្តូរ​ទស្ស​ន​កិច្ច និងកម្មវិធីវប្បធម៌ជាដើម។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បាន​ស្នើ​ដល់​ភាគី ឥណ្ឌូណេស៊ី បើកឱ្យមានការហោះហើរដោយត្រង់ពី​ឥណ្ឌូណេស៊ីមកកាន់កម្ពុជា និង​ពី​កម្ពុជាទៅឥណ្ឌូណេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគិនសម្រាប់​ប្រទេ​ស​​ទាំងពីរ៕

ដោយ ជឹម ណារី