ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា ស្នើឱ្យថ្នាក់ដឹកនាំស្រ្ដីក្រសួងព័ត៌មានទាំងអស់ បន្ត អនុវត្តន៍​ ឱ្យបានជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានស្នើសុំឱ្យថ្នាក់ដឹកនាំស្រ្ដី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានទាំងអស់ធ្វើយ៉ាងណា ខិត ខំប្រមូលផ្តុំស្មារតីបន្តអនុវត្តន៍ឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ ការលើកឡើងនេះ នៅក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រវត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងបណ្តុះបណ្តាលពង្រឹង សមត្ថភាពថ្នាក់ដឹកនាំស្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដី ការក្រសួងព័ត៌មាន។ លោកជំទាវ មាន សំអាន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ ថ្នាក់ ត្រូវចូលរួមអនុវត្តន៍ឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាន ដាក់ចុះទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណារក្សាឱ្យបាននូវស្ថិរភាពនយោ បាយ និងជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រីត្រូវរួមគ្នាដោះស្រាយបញ្ហាដែលនៅ​សេស​សល់ ឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវបានលើកឡើងថា សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចាប់កំណើត​ឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបនូវគ្រោះអាសន្ន ដែលបង្កដោយរបបប្រល័យ​ពូជសាសន៍ ប៉ុលពត។ ទន្ទឹមនេះ សមាគមនារីគឺជាអង្គការចាត់តាំងដ៏ទូលំទូលាយ មានរចនា​សម្ព័ន្ធចាត់តាំងពីថ្នាក់កណ្តាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រោមការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា។ លោកជំទាវបានបន្ថែមថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជានិច្ចកាលបានរួមដំណើរជាមួយនឹងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ បានរួម​ដំណើរជាមួយនឹងប្រវត្តិ និងសកម្មភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏បាននិង កំពុងរួមដំណើរជាមួយប្រមុខរាជរដ្ឋាភិបាលផងដែរ។  លោក​ជំទាវបានបន្ដទៀតថា នៅកម្ពុជា​មានជាង ៤០០០អង្គការ សមាគមក្រៅរដ្ឋាភិបាល ក្នុងនោះមានសមាគមនារីកម្ពុជា ដែលមាន ប្រវត្តិមុនគេបង្អស់តាំងពីឆ្នាំ១៩៧៧មកម្ល៉េះ៕

ដោយ ប៉ាល់ សុង