អាជ្ញាធរខេត្ដសៀមរាប អំពាវនាវឱ្យយុវជនទាំងអស់កុំយកថ្ងៃ១៤កុម្ភៈធ្វើជាវប្បធម៌របស់ខ្មែរ

AKP សៀមរាប ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — លោកស្រី យូរ សុភា អភិបាលរងខេត្តសៀមរាប​បានណែនាំឱ្យសិស្សានុសិស្ស កុំយកវប្បធម៌ ទិវាបុណ្យនៃក្ដីស្រឡាញ់នេះ ទៅធ្វើអ្វីផ្ដេសផ្ដាស ដែលនាំឱ្យបាត់បង់វប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់របស់ខ្មែរ ។នៅក្នុងពិធីវេទិកាសាធារណៈ ស្ដីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា ដែលធ្វើឡើងនៅក្នុង វិទ្យាល័យ១០មករា១៩៧៩ កាលពីព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩ លោកស្រី យូរ សុភា បានថ្លែងថា Valentine’s Day ឬ ទិវាបុណ្យនៃសេចក្តីស្រឡាញ់ មនុស្សជាច្រើន តែងយក​ថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញកាដូ បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក។ លោកស្រីបានបន្ដទៀតថា Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជន​ស្ទើរ​តែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ ដោយឡែក ក្នុងប្រទេសកម្ពុជា ក៏មានយុវវ័យ​ជាច្រើនកំពុងតែយល់ច្រឡំថា ថ្ងៃ Valentine’s Day គឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណ ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ ដែលមានន័យសំដៅ ដល់ការបង្ហាញនូវភក្តី​ភាពស្នេហា រវាងគូស្នេហ៍ ចំពោះគ្នានឹងគ្នា តាមរយៈការទិញផ្កាកូលាប ឬវត្ថុអនុស្សាវរីយ៍ ឬចំណាយពេលនៅជិតគ្នា។

លោកស្រីអភិបាលរងបានបន្ថែមថា វប្បធម៌ទាំងអស់នេះ មិនមែនជាវប្បធម៌របស់ខ្មែរនោះទេ ប៉ុន្ដែយើងត្រូវយកទិវានេះទៅផ្ដល់ជូនជាមួយក្រុមគ្រួសារ មាតាបីតាទៅវិញជាការប្រសើរ ជាពិសេសសិស្សានុសិស្សកុំធ្វើអ្វីផ្ដេសផ្ដាសនៅក្នុងថ្ងៃនេះដែលធ្វើឱ្យបាត់បង់តម្លៃស្ដ្រីខ្មែរ ដែលមានវប្បធម៌ និងប្រពៃណីល្អផូរផង់តាំងពីដូនតាមក។

លោកស្រីបានគូសបញ្ជាក់ថា សមត្ថកិច្ចនៅខេត្ដសៀមរាប បានដាក់កម្លាំងសម្រាប់ឃ្លាំ​មើលសិស្សានុសិស្សទៅដេកនៅផ្ទះសំណាក់គ្រប់ទីកន្លែង។ ប៉ុន្ដែទោះជាយ៉ាងណា តាមការ​សង្កេតឃើញថា នៅខេត្ដសៀមរាប នៅថ្ងៃ១៤កុម្ភៈឆ្នាំ២០១៩នេះ ហាក់មិនសូវបានធ្វើឱ្យ​យុវជនអាចពុះកញ្ច្រោលបានច្រើនប៉ុន្មានទេ ដែលមានន័យថា ពួកគាត់បានយល់ដឹង ច្បាស់ពីវប្បធម៌បរទេសមួយនេះច្បាស់លាស់៕

ដោយ ឃុត សៅ