កម្ពុជា និងថៃចេញសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃលើក​ ទី១៤  នៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — កម្ពុជា និងថៃបានចេញសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៤ (The 14th General Border Committee Meeting)  កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដែលត្រូវបាន ដឹកនាំ​កិច្ចប្រជុំដោយសហប្រធាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon ឧបនាយក​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិថៃ។ក្នុងសេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយយោងទៅ តាមកិច្ចព្រមព្រៀងនៃការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្ដិភាព សន្ដិសុខ ក្នុងតំបន់ព្រំដែនក៏ដូចជាការពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងកងទ័ព និងកងឯកភាពសន្ដិសុខ ពាក់ព័ន្ធដទៃទៀតរបស់កម្ពុជា និងថៃ។ ទន្ទឹមនេះដែរ កិច្ចប្រជុំក៏បានបញ្ជាក់អំពីសារៈសំខាន់ នៃការប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៤ ដែលបានផ្ដល់នូវការណែនាំ និងទិសដៅ ដើម្បីជំរុញឱ្យទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍ រវាងកងទ័ពទាំងពីរនៅគ្រប់កម្រិតទាំងអស់ កាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាការ លើកកម្ពស់ដល់សន្ដិភាព ស្ថិរភាព និងសន្ដិសុខតាមបណ្ដោយព្រំដែន។

សេចក្ដីថ្លែងការណ៍បានបន្ដទៀតថា កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍន​ភាពនៃកិច្ចសហ ប្រតិបត្តិការតាមបណ្ដោយព្រំដែន ហើយភាគីទាំងពីរបានពិនិត្យឡើងវិញនូវលទ្ធផលនៃការ អនុវត្ដកម្មវិធីកិច្ចសហប្រតិបត្តិការ ផ្សេងៗដែលដាក់ចេញដោយកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅលើកទី១៣ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨កន្លងមក នៅទីក្រុងបាងកក ប្រទេសថៃ ដូចជាកិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែន បញ្ហាពលករ ការទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជាជា មួយបណ្ដាអង្គភាពសន្ដិសុខថៃក្នុងតំបន់ព្រំដែន បញ្ហាកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍជីវភាពរស់នៅ ការអប់រំ សាសនា និងវប្បធម៌។

ជាមួយគ្នានេះដែរ កិច្ចប្រជុំបានឯកភាពជំរុញភាគីទាំងពីរ ឱ្យបន្ដនូវភារកិច្ចក្នុងការថែ រក្សាសន្ដិភាព ស្ថិរភាពតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរដោយស្របតាមគោលការណ៍ និងវិធានការដែលបានកំណត់ក្នុងកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំលើកទី១៤នេះលើគ្រប់ ទិដ្ឋភាពទាំងអស់។ ក្នុងកិច្ចប្រជុំនេះដែរ ភាគីថៃនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈ កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃលើកទី១៥ ហើយនឹងធ្វើការជូនដំណឹងទៅភាគីកម្ពុជា អំពី កាលបរិច្ឆេទ និងទីកន្លែងនៅពេលក្រោយ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ឯល វឌ្ឍនៈ