ក្រសួងព័ត៌មានពង្រីកសមត្ថភាពស្រ្តីក្នុងភាពជាអ្នកដឹកនាំ

វិទ្យុជាតិកម្ពុជា៖ លោក អ៊ឹម ភិរក្សនារីរតនៈ ៖

 ក្រសួងព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្រ្តីក្នុងភាពជាអ្នកដឹកនាំ ដើម្បី ជំរុញឲ្យស្រ្តីកាន់តែមានការអភិវឌ្ឍចូលរួមនៅគ្រប់វិស័យព្រមទាំងការធ្វើសេចក្តីសម្រេចចិត្ត។


ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រវត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ឋសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ស្ត្រីមានភាពតស៊ូនៅក្នុងគ្រប់សកម្មភាពហើយឆ្លងកាត់នូវឧបសគ្គជាច្រើន ដើម្បីរួមចំណែកការពារផលប្រយោជន៍របស់សង្គមជាតិ ។


លោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាលបានលើកកម្ពស់សិទ្ធិស្ត្រីជាច្រើននៅក្នុងសង្គម ទាំងវិស័យ នយោបាយ វិស័យសេដ្ឋកិច្ច រដ្ឋបាល វប្បធម៌ ដើម្បីអោយស្រ្តីកាន់តែមានឥទ្ធិពលនៅក្នុងសង្គម។
លោកជំទាវបន្តថា ការបណ្តុះបណ្តាលសមត្ថភាពរបស់ស្រ្តីត្រូវធ្វើឡើងជាបន្តបន្ទាប់ ដើម្បីអោយស្រ្តីកាន់តែមានសមត្ថភាពរឹងមាំ ឈានទៅបំពេញការងារធំៗទំាងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្លេង ៖ ការធ្វើសិក្ខាសាលាជួបជុំគ្នាថ្ងៃនេះដើម្បីចែករំលែកនូវបទពិសោធន៍នូវចំណេះដឹងសម្រាប់ស្ត្រីនៅក្នុងក្រសួងផងនិងនៅស្ថាប័នផ្សេងៗទៀតផង យើងត្រូវរួមគ្នា រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហា ។
សូមបញ្ចាក់ថា បច្ចុប្បន្ននេះស្រ្តីនៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានមានតួនាទីធំៗជាច្រើនចាប់តំាងពីរដ្ឋលេខាធិការរហូតដល់អនុការិយាល័យ ។ ស្រ្តីនៅក្រសួងព័ត៌មានបានបំពេញការងារជាច្រើនដើម្បី បំរើជាតិមាតុភូមិតាមរយះ ការចុះយកព័ត៌មាន សរសេរព័ត៌មាន កាន់ម៉ាស៊ីនផ្សាយ និងផលិតកម្មវិធីផ្សេងៗទៀត បំរើដល់អ្នកស្តាប់និងអ្នកទស្សនានៅទូទំាងប្រទេស ៕