រាជរដ្ឋាភិបាលតែងតាំងឯកឧត្តម វេង សាខុនជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

វិទ្យុជាជាតិកម្ពុជា៖​ លោក ហោ សេងគ្រី៖

ពិធីប្រកាសតែងតាំងអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនិងគណ:កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានរៀបចំឡើងនៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។


យោងតាមស្មារតីនៃសេចក្តីសម្រេចលេខ០៥ សសរ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩ របស់រាជ រដ្ឋាភិបាលបានសម្រេចតែងតាំង ឯកឧត្តម វេង សាខុន ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារបច្ចេកទេសសន្តិសុខស្បៀង។


ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមឯកឧត្តម ផ្ទាល់ សូមថ្លែងអំណរគុណ ចំពោះរាជ រដ្ឋាភិបាលដែលបានគាំទ្រ និងផ្តល់ជំនឿទុកចិត្ត តែងតាំងរូបលោកជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្ថែមលើមុខងារបច្ចុប្បន្ន ។
ឯកឧត្តម សង្ឃឹមថា តួនាទីថ្មីនេះនឹងជួយបំពេញបន្ថែមនូវយន្តការជាគន្លឹះដ៏រឹងមាំមួយដើម្បីរួមចំណែក អនុវត្តយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” ដែលជាត្រីវិស័យដើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕