បេឡាជាតិរបបសន្តិសុខសង្គមបានផ្តល់ប័ណ្ណសមាជិកជាង១៨០០នាក់ដល់មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យា ក្រសួងព័ត៌មាន

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ ៖

បេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ បសស បានផ្តល់ប័ណ្ណសមាជិកជាង១៨០០នាក់ដល់មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យា ក្រសួងព័ត៌មាន ដើម្បីទទួលបានសេវាថែទាំសុខភាពនិងព្យាបាលជម្ងឺនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ ។


ថ្លែងក្នុងពិធីចែកប័ណ្ណសមាជិកដល់មន្ត្រីរាជការ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការទទួលបានប័ណ្ណសមាជិកបសសនេះមានសារៈសំខាន់ណាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការពិនិត្យព្យាបាលសុខភាពដោយគ្មានការបង់ប្រាក់ឡើយ ។ ឯកឧត្តមបានចាត់ទុក បេឡាជាតិរបបសន្តិសុខសង្គម គឺជាសំណាញ់ការពារសុវត្ថិភាពជូនមន្រ្តីរាជការបានយ៉ាងល្អប្រសើរ នឹងរួមចំណែកជួយកាត់បន្ថយភាពក្រីក្រស្របតាមផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ។

 បសសនេះវាជាលទ្ធផលធំណាស់ ដែលភាគច្រើនគឺមន្ត្រីរាជការនៅពេលភ័យបំផុតនៅពេលដែលខ្លួនឈឺ ឬនៅពេលដែលចូលនិវត្តន៍ហើយគ្មានលុយព្យាបាលជំងឺ ថែទាំសុខ នេះគឺអ្វីៗ ទាំងអស់មានការធានា អញ្ជឹងថ្ងៃនេះយើងធ្វើនេះដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ និងពញ្ញាក់អារម្មណ៍ច្រើនថែមទៀត ព្រោះហាក់ដូចជាគេមិនបានភ្ញាក់រលឹក អំពីបញ្ហាបសសនេះ ។
លោកស៊ុំ សោភ័ណ អគ្គនាយករង បសស បានឲ្យដឹងថា សេវាបេឡាជាតិរបបសន្តិសុខសង្គម គឺអនុវត្តនៅតាមមន្ទីរពេទ្យរបស់រដ្ឋ និងពេទ្យឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយបសស ព្រមទាំងបានទទួលនូវសេវារួមមាន ៖ ទី១ សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ទី២ សេវាបញ្ជូនអ្នកជំងឺពិគ្រោះជម្ងឺចំពោះករណីសង្គ្រោះបន្ទាន់ឬសេវាបញ្ជូនសព និងទី៣ សេវាបង្ការសុខភាព ។
សូមបញ្ចាក់ថា បេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការសាធារណៈដែលបានដំណើរការចាប់ពីដើមឆ្នាំ២០១៨ ដោយមានវិសាលាភាពជាង៣សែន១ម៉ឺននាក់៕